សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិក នៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង

06-12-2025 18:12

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងឥតឧបមា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីរំភើប និងសូមចូលរួមអបអរសាទរដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ ការយាងចូលជាសមាជិកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ ដ៏ឧត្តុង្គឧត្តមនេះ បានធ្វើឱ្យព្រះរាជកិត្តិនាមនៃ ព្រះករុណា ព្រះមហាក្សត្រ កាន់តែល្បីរន្ទឺសុសសាយ ស្ញប់ស្ញែង ពោរពេញទៅដោយសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីប្រជារាស្ត្រកម្ពុជា និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានមោទនភាពជាទីបំផុត ទទួលបាននូវមហាកិត្តិយសធំធេងនៅលើឆាកជាតិ និងអន្តរជាតិ។

ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី សូមមេត្តាប្រសិទ្ធពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គនៅទូទាំងប្រទេស»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖