Fresh Exclusive: សម្ដេចតេជោ សែន ពន្យល់ការពិតប្រាប់ប្រជាជន នៅពេលដែលពាក្យសម្តីថៃ លឿនជាងការពិតនៃព្រឹត្តិការណ៍រៀបចំស៊ីហ្គេម២០២៣របស់កម្ពុជា
06-12-2025 19:41
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបកស្រាយជាសាធារណៈថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីវីដេអូបិទព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលបង្ហោះលើផេកផ្លូវការ បានធ្វើឲ្យជនជាតិថៃមួយចំនួនចោទថា វាជាការ «ឌីដង» ចំពោះថៃ ដែលជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៥។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅក្នុងយុគសម័យមួយ ដែលជាតិនិយមតាមប្រព័ន្ធអ៊ីនធឺណិត អាចរីករាលដាលលឿនជាងព័ត៌មានដែលបានផ្ទៀងផ្ទាត់ វីដេអូឃ្លីបដ៏សាមញ្ញមួយស្តីពីពិធីបិទការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ របស់កម្ពុជា បានរសាត់ឆ្លងកាត់ព្រំដែន និងបង្កការឈឺចាប់ដល់អារម្មណ៍ក្នុងសង្គម នៃប្រទេសថៃ។
វីដេអូឃ្លីប បង្ហោះក្នុងផេកFacebook ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាការសង្ខេបព្រឹត្តិការណ៍អបអរសាទរការបិទស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។ ប៉ុន្តែវីដេអូ ឃ្លីបនេះ ស្រាប់តែបានក្លាយជាចំណុចស្នូលមួយ នៃការជជែកដេញដោលយ៉ាងក្តៅគគុកក្នុងចំណោមអ្នកនិយមអ៊ីនធឺណិតថៃមួយក្រុម ដែលបានបកស្រាយខុសពីការពិតថា វាជាភាព «ឌីដង» ដល់ប្រទេសថៃ ដែលត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៥នេះ។ សម្តេចតេជោ សែន តាមរយៈផេកផ្លូវការក្នុងបណ្តាញសង្គម បានប្រញាប់បកស្រាយតបទៅវិញ។
សម្តេចតេជោ បានសរសេរក្នុងបណ្តាញសង្គមថា «ខ្ញុំពិតជាមិនហ៊ានប្រៀបធៀបកម្ពុជា ជា មួយប្រទេសផ្សេងនោះទេ ព្រោះប្រទេសនីមួយៗមានរបៀបចាត់ចែងកិច្ចការរៀងៗខ្លួន និងកាន់តែមិនហ៊ានប្រៀបធៀបជាមួយប្រទេសថៃ ដែលមានមនុស្សមួយចំនួន ចេញមកតាំងខ្លួនថាជាប្រទេសអ្នកមាន ប្រមាថមើលងាយកម្ពុជាថា ជាប្រទេសអ្នកក្រ ដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស»។
ប្រសាសន៍បញ្ជាក់របស់សម្ដេចតេជោ មិនមែនតបឆ្លើយនឹងមតិប្រមាថ និងការយល់ច្រឡំ របស់ជនជាតិថៃ ដែលមានគំនិតអវិជ្ជមានលើកម្ពុជានោះទេ។ វាជាការពន្យល់ទៅកាន់ប្រជាជនទាំងពីរប្រទេស អំពី ការពិតនយោបាយ និងការចំណាយពិត ក្នុងព្រឹត្តិការណ៍ SEA Games 2023 របស់កម្ពុជា។ វាជាសារ ដែលបង្ហាញពីសមត្ថភាពកម្ពុជា ក្នុងការគ្រប់គ្រងប្រទេសក្នុងភាពសន្សំសំចៃ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តួនាទីមិត្តភាពអន្តរជាតិ ជាពិសេសសេចក្តីថ្នូររបស់ជាតិ។
សម្តេចតេជោ បានសរសេរបន្តថា៖ «រឿងកាន់តែហួសចិត្ត មានជនជាតិថៃមួយចំនួន ចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើ ស៊ីហ្គេម ដោយប្រើលុយចិន»។
សម្តេចតេជោបានថ្លែងបង្ហាញក្តីហួសចិត្តថា «រឿងបែបនេះ គេអាចនិយាយទៅកើត… តើនេះជាចរិតបុគ្គល ឬចរិតជនជាតិថៃ ដែលចូលចិត្តមើលងាយគេនិងប្រឌិតរឿង?»។
* ការបកស្រាយខុសអារម្មណ៍ជាតិនិយមជ្រុលលឿនជាងការពិត
ដើម្បីដោះស្រាយការអះអាងដែលនិយាយថា «កម្ពុជាបានប្រើប្រាស់លុយចិន» សម្ដេចតេជោបានផ្តល់ការកែតម្រូវដោយបញ្ជាក់យ៉ាងច្បាស់លាស់ត្រឡប់ទៅវិញ។ សម្តេចបានបញ្ជាក់ថាចិន ពិតជាបានជួយសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដែលអាចធ្វើឱ្យកម្ពុជាប្រើប្រាស់តកូនចៅជំនាន់ក្រោយ ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ថវិកាចិន ឬលុយពីប្រទេសផ្សេងដើម្បីរៀបចំស៊ីហ្គេមទេ សូម្បីតែមួយសេនក៏មិនបានដែរ។
ការចំណាយថវិកា ត្រូវបានគ្រោងទុកជាបណ្តើរៗចាប់ពីឆ្នាំ២០១៨ដល់២០២៣ និងក្នុង គម្រោងចំណាយថវិកា២០០លានដុល្លារ ការចំណាយពិតប្រាកដ មាន១១៨លានដុល្លារក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បូកនឹងការចំណាយលើព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ជាមួយនឹងប្រាក់រង្វាន់ដល់កីឡាកម្ពុជា ដែលទទួលបានមេដោយគ្រប់កំរិតផង សារុបទាំងមូល១៣០លានដុល្លារ។ ការចំណាយរបស់កម្ពុជាក្នុងពេលនោះ ក៏បានគ្របដណ្តប់លើការចំណាយលើអាហារកន្លែងស្នាក់នៅ និងការរៀបចំសម្រាប់អត្តពលិកបរទេសក្នុងតំបន់ផងដែរ ដែលមានចំនួនប្រមាណ១២លានដុល្លារអាមេរិក។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «កម្ពុជាជា ប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ»។
* សារដាស់តឿនទៅជនជាតិថៃមួយចំនួន និងមេរៀនតំបន់
ពាក់ព័ន្ធចំពោះអ្នកអត្ថាធិប្បាយថៃមួយចំនួន ដែលបាននិយាយថា «កុំប្រៀបធៀបប្រទេសថៃទៅនឹងកម្ពុជា» ឬ អះអាងថា «កម្ពុជាបានប្រើប្រាស់លុយចិន» សម្តេចតេជោបានឆ្លើយតបដោយភាពតក្កវិជ្ជាដ៏រឹងមាំ និងម៉ឺងម៉ាត់។
ប្រសាសន៍ក្នុងបណ្តាញសង្គមសរសេរថា៖ «សង្ឃឹមថា ជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា សូមដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ថាកម្ពុជាធ្វើស៊ីហ្គេម ដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ»។
សារនេះជាការរំលឹកដោយត្រង់ៗថា កុំប្រើអារម្មណ៍ជាតិនិយមវាយតម្លៃខុសពីការពិត។ ការចោទប្រកាន់គួរតែផ្អែកលើភស្តុតាង មិនមែនលើអារម្មណ៍រវើរវាយ ដែលធ្វើឱ្យអ្នកដទៃបាត់បង់តម្លៃឡើយ។
សេចក្តីសន្និដ្ឋាន៖
សាររបស់សម្តេចតេជោ ហ៊ុន សែន មិនមែនជាការតបតទៅនឹងមតិអវិជ្ជមានទេ។ វាជាសាររំលឹកថា កម្ពុជា មានសេចក្តីថ្នូរជាតិ ហើយមានសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដោយខ្លួនឯង។ សារនេះក៏ជាមេរៀនសម្រាប់អ្នកប្រើបណ្តាញសង្គមទាំងកម្ពុជា និងថៃឲ្យយល់ថា អារម្មណ៍ជាតិនិយម មិនអាចជំនួសការពិតបានទេ។ ក្នុងពេលដែលព្រឹត្តិការណ៍ SEA Games 2025 ក្នុងប្រទេសថៃ កំពុងខិតកាន់តែជិតមកដល់នេះ សាររបស់សម្តេចតេជោ គឺជាការអំពាវនាវមួយក្នុងន័យថា ត្រូវចេះគោរពគ្នាទៅវិញទៅមក, ប្រកួតប្រជែងដោយស្មារតីកីឡា និងប្រទេសអាស៊ាន ត្រូវបន្តក្លាយជាតំបន់នៃសាមគ្គីភាព មិនមែនជាតំបន់នៃការប្រមាថដាក់គ្នាទៅវិញទៅមកឡើយ៕






















