រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល៤០លានដុល្លារ
06-12-2025 19:50
(សៀមរាប-កំពង់ធំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ ដោយរោងម៉ាស៊ីនកិនស្រូវទាំងបីនេះ ជារោងម៉ាស៊ីនដែលទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស ៤០ លានដុល្លារ របស់រាជរដ្ឋាភិបាល ក្នុងចំណោមរោងម៉ាស៊ីន និងក្រុមហ៊ុនចេញអង្ករចំនួន៣១។
រោងម៉ាស៊ីនកិនស្រូវដែលបានចុះពិនិត្យរួមមាន៖
* រោងម៉ាស៊ីនកិនស្រូវ ១៦៨
* រោងម៉ាស៊ីនកិនស្រូវ ងួន ហុង
* រោងម៉ាស៊ីនកិនស្រូវ សេក មាស
បើតាម ARDB គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១ បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។
ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាម តម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕











