ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង លើកទឹកចិត្តប្រធាន និងសមាជិកត្រូវបង្កើតរចនាសម្ព័ន្ធ បែងចែកតួនាទីភារកិច្ចប្រកបដោយទំនួសខុសត្រូវខ្ពស់
06-12-2025 20:53
(កំពង់ធំ)៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ បានលើកទឹកចិត្តប្រធានគណបក្សថ្មី ត្រូវបង្កើតរចនាសម្ព័ន្ធ ព្រមទាំងបែងចែកតួនាទីភារកិច្ចប្រកបដោយទំនួសខុសត្រូវខ្ពស់។
ការលើកទឹកចិត្តបែបនេះនៅក្នុងឱកាសដែលលោកនិង សហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥។
លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានគណបក្សឃុំបន្ទាយស្ទោងថ្មី ត្រូវដើរតួជាឪពុកផងជាម្ដាយផងជាអ្នកទំនួលខុសត្រូវសព្វបែបយ៉ាងលើសុខទុក្ខ សុខកុមាលភាពមន្ត្រីក្រោមឱវាទ ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សនៅក្នុងមូលដ្ឋានឱ្យបានស្និទ្ធស្នាលបំផុត។
ទន្ទឹមនឹងនេះត្រូវដឹកនាំសមាជិក សមាជិកា សហការីមន្ត្រីក្រោមឱវាទរបស់ខ្លួនរួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋប្រកបក៏ដូចជាទំនួសខុសត្រូវ ចំពោះមុខគណបក្សប្រកបដោយស្វាមីភ័ក្រ្ត រក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានស្អិតរមួត ជាពិសេសថែមទៀតខិតខំផ្ដល់សេវា និងធ្វើអំពើល្អហើយបម្រើប្រជាពលរដ្ឋឱ្យបានដោយជណ្ដើរផ្ទះ និងទំនួលខុសត្រូវថែមទាំងស្និទ្ធស្នាល និងឆាប់រហ័សបបំផុត។
ជាមួយគ្នានេះ លោក ទិញ វឿន ប្រធានគណបក្សថ្មី បានប្តេជ្ញាខ្ពស់នៅចំពោះមុខគណៈធិបតី ព្រមទាំងប្រជាពលរដ្ឋថា នឹងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ខិតខំកសាងសមត្ថភាពនិងគុណធម៌ ជាពិសេសដង្ហែតាមគណបក្សហើយខិតខំ កសាងមូលដ្ឋានគណបក្សគ្រប់ភូមិកាន់តែរឹងមាំ និងឈ្នះគ្រប់សមរភូមិបោះឆ្នោត។
ជាចុងបញ្ចប់លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម តំណាងឱ្យលោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងក្នុងនាមលោកជាប្រធានក្រុមចុះមូលដ្ឋានឃុំបន្ទាយស្ទោង លោកបានអំពាវនាវដល់ អាជ្ញាធរដែនដីប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ព្រមទាំងសំណង់សិល្បការណ៍ជាច្រើនទៀតនៅក្នុងមូលដ្ឋានដើម្បីប្រើប្រាស់បានយូរអង្វែងព្រមទាំងផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា លោក ទិញ វឿន ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្សឃុំបន្ទាយស្ទោង ជំនួសលោក សូត្រ អ៊ុល ដែលបានទទួលមរណភាព៕














