រដ្ឋលេខាធិការប្រចាំការក្រសួងទូរគមនាគមន៍ អញ្ជើញជាសក្ខីភាពក្នុងពិធីប្រគល់ទទួលសំណើផ្លូវការ ស្ដីពីការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov រវាង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា និងអង្គភាពទទួលបន្ទុកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានបង់ក្លាដែស
06-12-2025 21:38
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីប្រគល់ទទួលសំណើផ្លូវការ ស្ដីពីការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov រវាង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពទទួលបន្ទុកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងអំឡុងពេល វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិធីប្រគល់ទទួលសំណើផ្លូវការ នេះបង្ហាញពី ការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរក្នុងការជំរុញអភិបាលកិច្ចឌីជីថល និងការពង្រឹងតម្លាភាព។ ថ្នាល verify.gov របស់កម្ពុជា គឺជាប្រព័ន្ធស្នូលមួយដែលអនុញ្ញាតឱ្យស្ថាប័នរដ្ឋ និងសាធារណជនអាចផ្ទៀងផ្ទាត់សុពលភាពផ្លូវការ នៃឯកសារឌីជីថលដែលចេញដោយស្ថាប័នរដ្ឋាភិបាល៕






