ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បើកសន្និសីទរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ស្តីពីទិន្នន័យ និងសន្តិសុខសាយប័រ ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលឆ្លាត

06-12-2025 21:42

(ភ្នំពេញ)៖ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ លោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានអញ្ជើញបើកសន្និសីទរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ (GovTech Conference) ស្តីពី ទិន្នន័យ និងសន្តិសុខសាយប័រ ជាមូលដ្ឋានសម្រាប់រដ្ឋាភិបាលឆ្លាត ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក Jonas Herzing អ្នកប្រឹក្សាជាន់ខ្ពស់, GIZ Digital Transformation Center និងដៃគូអន្តរជាតិនានាជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សន្និសីទរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ (GovTech Conference) ប្រមូលផ្តុំភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជា ពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកបទពិសោធតាមតំបន់និងអន្តរជាតិ អំពីរបៀបប្រើប្រាស់ទិន្នន័យនិងសន្តិសុខសាយប័រ និងថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដែលអាចកសាងមូលដ្ឋានគ្រឹះដែលមានសុវត្ថិភាព បរិយាបន្ន និងរដ្ឋាភិបាលឆ្លាត ដែលផ្ដោតលើប្រជាពលរដ្ឋ៕