កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការលើសំណើសុំពន្យារពេលរបស់កម្ពុជា ដើម្បីបញ្ចប់ការបោសសម្អាត និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សនៅឆ្នាំ២០៣០

06-12-2025 22:40

(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការលើសំណើសុំពន្យារពេលរបស់កម្ពុជាលើកទី៣ ដើម្បីបញ្ចប់ការបោសសម្អាតនិងកំទេច ចោលគ្រាប់មីនប្រឆាំងមនុស្សក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។

អាជ្ញាធរមីនបានឱ្យដឹងថា ការសម្រេចជាឯកច្ឆន្ទនេះ បានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគី អនុសញ្ញា។ ការសម្រេចចិត្តនេះ ក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ។

មកទល់នឹងពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលជា ទឹកត់សម្គាល់ ដោយកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ជាង ៣៣០០គីឡូម៉ែត្រការ៉េ ដោយរកឃើញនិងកំទេចចោលបានជាង ៤លានគ្រាប់។

សមិទ្ធផលទាំងនេះ បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេស។

កម្ពុជាសូមថ្លែងអំណរគុណដោយស្មោះជូនប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និងរួមចំណែកដ៏មានតម្លៃនេះ។

ជាមួយគ្នានេះ រដ្ឋភាគីទទួលស្គាល់ថា មីននៅតែបន្តជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាពិសេសនៅ តាមតំបន់ព្រំដែនដែលនៅមានមីនច្រើន ការបោសសម្អាតមានការលំបាកខ្លាំង ផ្លូវពិបាកចូលទៅដល់ និងមានហានិភ័យខ្ពស់ដល់សហគមន៍ និងបង្កគ្រោះថ្នាក់ដល់ប្រជាជន។ ការយកឈ្នះលើឧបសគ្គទាំងនេះ ទាមទារឱ្យកម្ពុជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។

ជាថ្មីម្តងទៀត អាជ្ញាធរមីន សូមអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ សកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តឈរជាមួយការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការ ជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០៣០»