ថ្ងៃទី១នៃការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ ប្រព្រឹត្ដទៅដោយរលូន និងយុត្ដិធម៌

07-12-2025 07:59

(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានថ្លែងថា បេក្ខជនចំនួន ១១,៣៥៤នាក់ មានចូលរួមប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្ដទៅរយៈពេល២ថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥។

លោកបានថ្លែងបន្ដថា «សម្រាប់ថ្ងៃទី១នៃការប្រឡងនេះ គឺបានប្រព្រឹត្ដទៅដោយតម្លាភាព និងយុត្ដិធម៌ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានប្រសាសន៍ថាអ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ដ អ្នកជាប់ ជាប់ដោយកិត្ដិយស ។នេះជាគោលការណ៍ដែលគណៈកម្មាធិការយើងប្រកាន់យក ។ដូច្នេះកិច្ចដំណើរការនៃនិតីវិធីរបស់យើង នឹងបន្ដប្រព្រឹត្ដទៅដោយភាពហ្មត់ចត់ តឹងតែងជាទីបំផុត ហើយអ្នកដែលប្រព្រឹត្ដអំពើទុច្ចរិកណាមួយ យើងនឹងវែងកមុខ ដើម្បីឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនមានការលើកលែងនោះទេ»។

លោកបានថ្លែងទៀតថា ចំពោះការប្រឡងនៅឆ្នាំនេះ គឺមានបេក្ខជនកើនឡើងជាងឆ្នាំមុន ដែលមានចំនួនរហូតដល់ទៅ១១,៣៥៤នាក់ ហើយការកើនឡើងនេះ​ ដោយសារតែប្រជាជន សិស្សនិស្សិតយើង មានការចាប់អារម្មណ៍លើវិជ្ជាជីវៈសុខាភិបាលនេះ ហើយក៏ដោយសារតែគណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានសម្រួលនិតិវិធីស្មុគស្មាញមូយចំនួនផងដែរ ប៉ុន្ដែនៅតែបន្ដសុក្រិតភាព។

ការប្រឡងនេះគឺបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសំណេរចំនួនប្រាំទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក និងវិទ្យាល័យជា ស៊ីម សាមគ្គី។ លោកបានឱ្យថា ការប្រឡងថ្នាក់ជាតិចូលរៀននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យ សុខាភិបាលប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។

ក្នុងឱកាសនោះលោក សុក ផេង ក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សទាំងអស់ «ធ្វើយ៉ាងណាកុំចាប់បង្ខំសិស្សនិស្សិតដែលគាត់មិនមានបំណងចង់ចូលប្រកបវិជ្ជាជីវៈនេះខុសពីឆន្ទៈដើមរបស់គាត់ ព្រោះថាកាលណាដែលខុសពីឆន្ទៈដើមហើយ នោះគុណភាពនិងប្រសិទ្ធភាពនៃការរៀនសូត្ររបស់គាត់ក៏មិនបានទៅមុខវែងឆ្ងាយដោយរលូនដែរ»។ដូច្នេះសូមអាណាព្យាបាល កុំបង្ខិតបង្ខំ និងត្រូវគោរពនូវឆន្ទៈរបស់សិស្ស-និស្សិត។

សូមជម្រាបថាយោងសេចក្តីជូនដំណឹងលេខ ២២០/២៥ គបជ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្តីពីការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិត បរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ មានបេក្ខជនចំនួន ១១,៤១៨នាក់ បានដាក់ពាក្យចូលរួមប្រឡង តាមប្រព័ន្ធអនឡាញ។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឱ្យបេក្ខជនចំនួន ១១,៣៥៤នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។

ការប្រឡងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥៖
*ចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៥ និង០០នាទី ប្រឡងមុខវិជ្ជាជីវវិទ្យា
*ចាប់ពីម៉ោង១៥ និង៣០នាទី ដល់ម៉ោង១៧ និង០០នាទី ប្រឡងមុខវិជ្ជាគីមីវិទ្យា

ការប្រឡងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៖
*ចាប់ពីម៉ោង១៤ និង០០នាទី ដល់ម៉ោង១៦ និង០០នាទី ប្រឡងមុខវិជ្ជាគណិតវិទ្យា។

សម្រាប់គណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន ១,៦៥៤នាក់ ត្រូវបានចាត់តាំងឡើង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

គួររម្លឹកផងដែរថា មុនដំណើរការប្រឡង គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានរៀបចំការប្រជុំចំនួន០២ថ្ងៃគឺថ្ងៃទី៤ និងទី៥ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីណែនាំតួនាទីភារកិច្ចដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការនានាឱ្យបានយល់ច្បាស់ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕