រដ្ឋមន្ត្រីទូរគមនាគមន៍ថា ការយល់ច្រឡំរបស់ប្រជាពលរដ្ឋគិតថា បង្គោលអង់តែនប៉ះពាល់ដល់សុខភាព ធ្វើឱ្យរាំងស្ទះដល់ការផ្តល់សេវាទូរស័ព្ទ (Video inside)
07-12-2025 11:20
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា ដោយសារការយល់ច្រឡំរបស់ប្រជាពលរដ្ឋ គិតថាបង្គោលអង់តែនប៉ះពាល់ដល់សុខភាព បានរារាំងមិនឱ្យមានការដាំបង្គោលអង់តែននៅក្បែរផ្ទះ ធ្វើឱ្យរាំងស្ទះដល់ការផ្តល់សេវាទូរស័ព្ទ។
លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន»។
លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះថា កាលពីពេល ៣ ទៅ ៤ឆ្នាំមុន យើងតែងតែលឺការ រអ៊ូរទាំអំពីសេវាអ៊ីនធឺណិត សេវាទូរស័ព្ទ ឥឡូវនេះក៏នៅមានរអ៊ូរទាំខ្លះដែរ ប៉ុន្តែមិនធ្ងន់ធ្ងរពេកទេ ព្រោះយើងបានខំពង្រីកសេវា លើកលែងតែតំបន់ដែលប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យយើងដាំបង្គោល ហើយមានច្រើននៅទីក្រុងភ្នំពេញ»។
លោក ជា វ៉ាន់ដេត បានបន្ថែមថា មានអ្នកខ្លះបានជួលដី ឬតំបូលផ្ទះឲ្យប្រតិបត្តិករដើម្បីដាំបង្គោល ក៏ប៉ុន្តែអ្នកជុំវិញអត់ឱ្យដាក់ទៅវិញ ដោយលើកហេតុផលថា ប៉ះពាល់ដល់សុខភាព បើសិនជាគ្មានការជំទាស់ពីប្រជាពលរដ្ឋ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយនឹងប្រតិបត្តិករដាំបង្គោលនៅក្នុងទីក្រុងភ្នំពេញបាន ១០០%រួចហើយដោយដោយសារប្រតិបត្តិករមានលុយគ្រប់គ្រាន់ទាំងអស់៕
សូមស្តាប់ការលើកឡើងរបស់លោក ជា វ៉ាន់ដេត៖














