កម្ពុជាប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិល លើកទី១ ឆ្នាំ២០២៥, ៣ឆ្នាំចុងក្រោយនេះ កម្ពុជាដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគ ៣ ៦០០លានដុល្លារ (Video inside)
07-12-2025 11:36
(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិ អាកាសចរណ៍ស៊ីវិល លើកទី១ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកប ដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា»។
ការប្រារព្ធទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើង គឺដើម្បីចូលរួមអនុវត្ត គោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ ដែលបានសម្រេច ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងស្របតាមស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviaiton Organization - ICAO) ផងដែរ ដែលបានបង្កើត និងប្រារព្ធពិធី «ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក» ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ។
ទិវានេះ ធ្វើឡើងក្នុងគោលបំណងប្រារព្ធខួប នៃការចុះហត្ថលេខាអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ដែលត្រូវបានគេស្គាល់ថា ជាអនុសញ្ញាឈឺកាហ្គោ Chicago Convention) និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក។ លើសពីនេះទៀត គោលបំណងក្នុងការប្រារព្ធទិវានេះ ដើម្បីជួយបង្កើត និងពង្រឹងការយល់ដឹងនៅកម្ពុជា និងទូទាំងពិភពលោក អំពីសារៈសំខាន់នៃអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។
ថ្លែងក្នុងឱកាសនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអានសារលិខិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងក្នុងឱកាស «ទិវាជាតិអាកាសចរស៊ីវិល» លើកទី១ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសម្រេចដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣ ក្រោមទឹកប្រាក់វិនិយោគសរុប ៣,៦០០ លានដុល្លារអាមេរិក រួមមាន៖
ទី១៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ប្រភេទ 4E ក្រោមទឹកប្រាក់វិនិយោគ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build - Operate - Transfer (BOT) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៣
ទី២៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រភេទ 4D ក្រោមទឹកប្រាក់វិនិយោគ ២០០ លានដុល្លារអាមេរិក ជាគម្រោង Build - Own - Operate (BOO) ដែលបានសម្ពោធដាក់ដំណើរការឆ្នាំ២០២៤
ទី៣៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០ លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ដំណើរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សូមជម្រាបផងដែរថា ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា ជាលើកទី១ មានការរៀបចំពិធីអបអរសារទរ ដូចខាងក្រោម៖
ទី១៖ កម្មវិធី រត់ប្រណាំងលើផ្លូវយន្តហោះ (Runway Fun Run 5km) ទីតាំង៖ ផ្លូវយន្តហោះ នៃអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលវេលា៖ ចាប់ពីម៉ោង០៥៖៣០ព្រឹក ដល់ម៉ោង៧៖៣០ព្រឹក
ទី២៖ កម្មវិធីពិព័រណ៍ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា ទីតាំងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP Terminal) ពេលវេលា៖ ចាប់ពីម៉ោង១០៖៣០ព្រឹក ដល់ម៉ោង០៩៖០០យប់។
សកម្មភាព តាំងពិព័រណ៍បង្ហាញផលិតផលសេវាកម្មអាកាសចរណ៍, ទស្សនាការដាក់តាំងយន្តហោះ ធន់តូច និងការបង្ហោះគ្រូន, ម្ហូបអាហារផលិតផលខ្មែរ (ផ្គត់ផ្គង់តាមអាកាសយានដ្ឋាន និងអាកាសយាន), ការប្រគុំតន្ត្រី និងការផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើន ពីក្រុមហ៊ុនអាកាសចរណ៍នានា៕




































