រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍កម្ពុជា កំណត់រយៈពេល ៦ខែទៀត លុបបំបាត់ឱ្យអស់អ្នកប្រើលេខទូរស័ព្ទមិនមែនឈ្មោះខ្លួនឯង (Video inside)

07-12-2025 11:47

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា ក្រសួងបានកំណត់រយៈពេល ៦ខែទៀត លុបបំបាត់ឱ្យអស់អ្នកប្រើលេខទូរស័ព្ទមិនមែនឈ្មោះខ្លួនឯង ជាក់ស្តែងនៅក្នុងខែមិថុនា ឆ្នាំ២០២៦ អ្នកដែលប្រើស៊ីមកាតឈ្មោះគេ គឺលុបចោល លែងឱ្យមានលេខដែលកំពុងប្រើនោះ ដើម្បីប្រើទៀតហើយ។

លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នាឱកាសអញ្ជើញបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន» ដែលជាព្រឹត្តិការណ៍អមក្នុងវេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។

លោក ជា វ៉ាន់ដេត បានថ្លែងដូចនេះថា «ស៊ីមកាតយើងមានអ្នកខ្លះប្រើតែឈ្មោះរបស់គេនោះទេ ពេលខ្លះលេខយើងប្រើ តែឈ្មោះអ្នកផ្សេង អីចឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែធ្វើ ហើយប្រហែលជា ៦ខែទៀតអាចលុបបំបាត់ចោលហើយ អ្នកដែលប្រើប្រាស់ស៊ីមកាត មិនមែនឈ្មោះខ្លួនឯង ទៅប្រើប្រាស់ឈ្មោះគេ»

លោក ជា វ៉ាន់ដេត បានបន្ថែមថា កាលពីមុនមកប្រតិបត្តិករ ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យប្រើប្រាស់ច្រើន គឺបានដើរចែកឱ្យតែម្តង ដោយមិនតម្រូវឱ្យប្រើប្រាស់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់នោះទេ ដែលពេលខ្លះប្រើប្រាស់អត្តសញ្ញាបណ្ណរបស់អ្នកលក់ម្នាក់ ហើយមានទិញ និងប្រើស៊ីមកាត់រាប់រយស៊ីមតែម្តង។

លោក ជា វ៉ាន់ដេត បានបន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងធ្វើការរឿងនេះ ហើយប្រហែលជានៅក្នុងខែមិថុនា ឆ្នាំ២០២៦ អ្នកដែលប្រើស៊ីមកាតឈ្មោះគេ គឺលុបចោល លែងឱ្យមានលេខដែលកំពុងប្រើនោះ ដើម្បីប្រើទៀតហើយ៕

សូមស្តាប់ការលើកឡើងរបស់លោក ជា វ៉ាន់ដេត៖