សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្វាយសារលិខិតអបអរសាទរព្រះមហាក្សត្រ ក្នុងឱកាសដែលព្រះអង្គបានចូលជាសមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង
07-12-2025 12:44
(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមទួលថ្វាយសារលិខិតសម្តែងនូវសេចក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិតសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងសារលិខិតនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា ក្នុងព្រះរាជសុន្ទរោកាសដ៏វិសេសវិសាលនៃការយាងចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវអំណរសាទរប្រកបដោយក្តីរំភើប យ៉ាងក្រៃលែង ព្រមជាមួយការកោតស្ញប់ស្ញែងចំពោះព្រះរាជកិត្តិនាមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលកាន់តែល្បីរន្ទឺសុសសាយនៅទូទាំងពិភពលោក និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវមហាកិត្តិយស ដ៏ឧត្តុង្គឧត្តម នៅលើឆាកអន្តរជាតិ ព្រមទាំងបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន រុងរឿង ពោរពេញ ទៅដោយសេចក្តីគោរពស្រឡាញ់ពីសំណាក់ប្រជាជាតិខ្មែរទាំងមូល។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងព្រះរាជបេសកកម្មថ្មីនេះ នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រឯនាយសមុទ្រ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវគារវភក្តី និងអភិវន្ទនកិច្ចដ៏ ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ៕





