មាតាបិតា និងសិស្សានុសិស្សប្រមាណ ២០០០នាក់ ចូលរួមព្រឹត្តិការណ៍ទិវាគ្រួសារ ២០២៥ នៅ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ

07-12-2025 13:52

(ភ្នំពេញ)៖ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សប្រមាណ ២០០០នាក់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមព្រឹត្តិការណ៍ទិវាគ្រួសារ ២០២៥ នៅ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ ដែលជាព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំដ៏ធំដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ «សហគមន៍ស៊ី អាយ អេ ហ្វឺសត៍ ជាកន្លែងសម្រេចក្ដីសុបិនរបស់សិស្ស» និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ទំនាក់ទំនងល្អរវាងមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាលារៀន។

លោកស្រី Imelda Rebancos នាយិកាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ បានបង្ហាញក្ដីរីករាយ និងអំណរគុណដល់មាតាបិតា អ្នកអាណាព្យាបាល និងសមាជិកក្រុមគ្រួសារទាំងអស់ដែលបានចំណាយពេលវេលាចុងសប្ដាហ៍ចូលរួម ក្នុងកម្មវិធីទិវាគ្រួសារនៅឆ្នាំនេះ។ លោកស្រីនាយិកាបានបន្ថែមទៀតថា ទិវាគ្រួសារនេះ ជាព្រឹត្តិការណ៍ដែលសាលាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់មាតាបិតា អ្នក អាណាព្យាបាល និងសិស្សានុសិស្សទទួលបានភាពសប្បាយរីករាយរួមគ្នា។ តាមរយៈកម្មវិធីនៅឆ្នាំនៅ លោកស្រីនាយិកាសង្ឃឹម យ៉ាងមុតមាំថា ការចូលរួមរបស់មាតាបិតានៅក្នុងកម្មវិធីនេះនឹងជួយដល់ការសិក្សា របស់សិស្សានុសិស្សគ្រប់ៗរូប។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំឱ្យមានសកម្មភាពកម្សាន្ដជាច្រើន ដូចជាការប្រកួតបង្ហាញទេពកោសល្យគ្រួសារ ការសម្ដែងសិល្បៈ ការរាំ និង ច្រៀងលេងកម្សាន្ដ ការប្រគំតន្ត្រីជាក្រុម និងការថតរូបជុំគ្រួសារជាដើម។

ក្នុងនាមជាស្ថាប័នអប់រំមួយដែលមានការប្ដេជ្ញាចិត្តខ្ពស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែ យកចិត្តទុកដាក់ជាចម្បង លើការកសាងទំនាក់ទំនងល្អក្នុងស្មារតីសាមគ្គីភាព ជាមួយនឹងមាតាបិតា អ្នកអាណា ព្យាបាលសិស្ស និងសមាជិកគ្រប់រូបក្នុងសហគមន៍សាលាទាំងមូល។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីជាមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំរបស់សាលាទាំងអស់ ដែលបានចូលរួមធ្វើឱ្យទិវាគ្រួសារនៅឆ្នាំនេះប្រព្រឹត្តទៅដោយ ជោគជ័យជាទីមោទនៈ។

ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៥ នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ បានបញ្ចប់ដោយជោគជ័យប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ហើយទាំងអស់គ្នានឹងជួបគ្នាក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះម្ដងទៀតនៅឆ្នាំក្រោយ៕