បណ្ឌិត ហេង វុទ្ធី៖ វត្តមានគ្រូពេទ្យស្ម័គ្រចិត្តចិន និងកូរ៉េ មិនត្រឹមតែមកព្យាបាលជំងឺ ជូនពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែក៏ជាអបអរការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ និងកិច្ចព្រមព្រៀងសន្តិភាព

07-12-2025 16:52

(ភ្នំពេញ)៖ លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគទុនចិននៅកម្ពុជា មានប្រសាសន៍ថា វត្តមានរបស់ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្ត នៃអង្គការរ៉ូតថារីអន្តរជាតិ ដែលជាអង្គការមិនមែនរដ្ឋាភិបាលមនុស្សធម៌ មិនត្រឹមតែមកដើម្បីពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ក្នុងស្រុកលើកដែក ខេត្តកណ្តាលប៉ុណ្ណោះទេ តែក៏ជាការមកចូលរួមអបអរសាទរ នូវការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ និងកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាទទួលបាន។

លោកបណ្ឌិត ហេង វុទ្ធី លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ប្រមាណជាង២ពាន់នាក់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៦ និង ០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយក្រុមគ្រូពេទ្យមកពីចិន និងកូរ៉េ ជាង៣០០នាក់។ ហើយថ្ងៃនេះ គឺជាថ្ងៃទី២នៃការពិនិត្យ និងព្យាបាល ដោយមានប្រជាពលរដ្ឋជាច្រើន មកទទួលពិគ្រោះជំងឺ និងព្យាបាលជំងឺគ្រប់ប្រភេទ។

ថ្លែងនាឱកាសនេះ លោកបណ្ឌិត ហេង វុទ្ធីមានប្រសាសន៍បញ្ជាក់ថា «ការចូលរួមរបស់អស់លោកនៅពេលនេះ ប្រៀបដូចជាការចូលរួមអបអរសាទរ នូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវធបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។ ព្រមជាមួយគ្នានេះ ក៏ដូចជាការចូលរួមអបអរសាទរនូវកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាលេស៊ី ក្រោមការជួយជ្រុំជ្រែងរបស់លោក អាន់វ៉ា អ៊ីប្រា ហ៊ឹម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងមានការចូលរួមជាសាក្សីដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រធាធិបតីអាមេរិក លោកដូណាត្រាំ»

លោកសង្ឃឹមថា ឱកាសក្រោយ នឹងអាចបន្តកិច្ចសហការជាមួយអង្គការរ៉ូតថារីអន្តរជាតិ និងអង្គការសមាគមសប្បុរសជន ក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដូចជាការបង្កើតមុខរបរជាមួយប្រជាពលរដ្ឋនៅឃុំកំពង់ភ្នំ។

លោកចង់ឱ្យមានការចាប់ដៃគូគ្នាក្នុងការបង្កើតមុខបរបរួមគ្នានៅទីនេះ ដោយសារនៅតំបន់នេះមានដំណាំកសិកម្មជាច្រើន ដូចជា ចេក ស្វាយ រួមនឹងដំណាំផ្សេងទៀត ដែលអាចកែច្នៃធ្វើជាដំណាប់ចេក និងដំណាំស្វាយជាដើម និងអាចបើកជារោងចក្រផលិតស្រូវអង្ករ ឬរោងចក្រវេចខ្ចប់ផលិតចេក, ស្វាយ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេសបានផងដែរ។

លោកបញ្ជាក់ថា តំបន់នេះគឺជាតំបន់ដែលមានសក្តានុពល ដោយស្ថិតនៅជាប់ទន្លេមេគង្គអំណោយផលដល់ការដាំដំណាំ និងស្ថិតនៅជិតព្រែកជីក ហ្វូណងតេជោ ដែលងាយស្រួលដល់ការដឹកជញ្ជូន៕