ក្រសួងអប់រំ បញ្ជូននិស្សិតកម្ពុជា ១៥រូប ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
10-12-2025 14:59
(ភ្នំពេញ)៖ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសជាមិត្ត (កម្ពុជា- ឡាវ) មន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាននៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានបន្តបញ្ជូននិស្សិតកម្ពុជាចំនួន ១៥នាក់ ក្នុងនោះមានស្រី ៨នាក់ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមបញ្ជាក់ផងដែរថា និស្សិតកម្ពុជាដែលត្រូវទៅទទួលការសិក្សាបន្ត ជានិស្សិតដែលទទួលបានអាហារូបករណ៍ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ រវាងក្រសួងអប់រំ យុវជន និងកីឡានៃកម្ពុជា និងក្រសួងអប់រំ និងកីឡានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីវិស័យអប់រំរយៈពេលវែង ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
និស្សិតទាំង ១៥នាក់ បានឆ្លងកាត់ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមណ្ឌលសំណេរវិទ្យាល័យព្រះស៊ីសុវត្ថិ និងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ នៅតាមគ្រឹះស្ថានអប់រំ ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕










