ក្លិបអ្នកកាសែតកម្ពុជា នឹងដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទៅកាន់ជំរំជនភៀសសឹកខេត្តបន្ទាយមានជ័យ
11-12-2025 18:12
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា នឹងដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ៣០នាក់ មកពី១៣ស្ថាប័ន ទៅកាន់ជំរំជនភៀសសឹកយ៉ាងហោចណាស់១ទីតាំង នៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ដើម្បីធ្វើបទយកការណ៍ និងធ្វើអត្ថបទនានាស្តីពីទុក្ខលំបាករបស់ជនស៊ីវិលកម្ពុជាដែលរងគ្រោះដោយសារ តែការវាយប្រហាររបស់ទាហានថៃមកកាន់តំបន់ព្រំដែន និងលំនៅដ្ឋានរបស់ពួកគាត់។
ការបំពេញបេសកកម្មរបស់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅពេលនេះបន្ទាប់ពីបានមើលឃើញថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ ទាហានថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងថ្ងៃនេះ ហើយក៏ពុំទាន់ដឹងថានឹងបានធូរស្បើយ ឬបទឈប់បាញ់ថ្មីនឹងចូលជាធរមាននៅពេលណាឡើយ។
ខណៈការវាយប្រហារដ៏កម្រោល និងអមនុស្សធម៌របស់ ទាហានថៃបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់១១នាក់ ក្នុងនោះមានទាំងកុមារ និង៧៤នាក់ ផ្សេងទៀតបានរងរបួសរួមទាំងអ្នកសារព័ត៌មានផង។ ជាមួយគ្នានេះ ការវាយប្រហារដ៏ឃោរឃៅរបស់ទាហានថៃបានធ្វើឱ្យពលរដ្ឋកម្ពុជារស់នៅតាម បណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃជិត២០ម៉ឺននាក់បានក្លាយជាជនភៀសសឹក សាលារៀនជិត៦០០ខ្នង ត្រូវបានបិទទ្វារ និងសិស្សសាលាជាង១៣ម៉ឺននាក់ត្រូវបោះបង់ការសិក្សា។
ដើម្បីផ្តល់ព័ត៌មានពិតអំពីផលប៉ះពាល់ដោយសារអំពើរអមនុស្សធម៌ពីសំណាក់ទាហានថៃ ក្លិបអ្នក កាសែតកម្ពុជា (ក.អ.ក) នឹងដឹកនាំអ្នកសារព័ត៌មានជិត៣០រូប មកពី១៣ស្ថាប័នរួមទាំងសារព័ត៌មានផ្សាយ ជាភាសាបរទេសផង (ភាសា៖ ខ្មែរ អង់គ្លេស បារាំង វៀតណាម និងចិន) ទៅកាន់ជំរំជនភៀសសឹកយ៉ាង ហោចណាស់មួយទីតាំងស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីធ្វើបទយកការណ៍ និងធ្វើអត្ថបទនានាស្តីពីទុក្ខលំបាករបស់ជនស៊ីវិលកម្ពុជាដែលរងគ្រោះដោយសារ តែការវាយប្រហាររបស់ទាហានថៃមកកាន់តំបន់ព្រំដែន និងលំនៅដ្ឋានរបស់ពួកគាត់។
សូមជម្រាបថា ក្នុងដំណើរបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជានេះ ក៏មានសប្បុរសជនមួយចំនួនបានបរិច្ចាគអំណោយ រួមមាន៖ តង់ចំនួន៣,០០០ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាផងដើម្បីចែកជូន បងប្អូនជនភៀសសឹកចំនួន១០០០គ្រួសារ៕






