អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ដេីម្បីលុបបំបាត់មេរោគអេដស៍ ជំងឺអេដស៍ ខណៈជំងឺនេះកំពុងមានសន្ទុះកេីនឡេីងនៅកម្ពុជា
13-12-2025 14:01
(ភ្នំពេញ)៖ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ទាំងវិស័យរដ្ឋ និងឯកជន និងបណ្តាអង្គការដៃគូរទាំងជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នាក្នុងលុបបំបាត់មេរោគអេដស៍ និងជំងឺអេសដ៍ ឱ្យអស់ពីកម្ពុជា ខណៈដែលមកដល់ពេលនេះប្រទេសកម្ពុជា កំពុងមានសន្ទុះកើនឡើងនៃជំងឺអេដស៍។
លោកបណ្ឌិត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២៥ នាឱកាសតំណាងលោក អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទិ្ធផលគម្រប់ទី ២០ឆ្នាំ ដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដែលបានធ្វើប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅប្រទេសកម្ពុជា, ដោយមានការចូលរួមពីលោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងមានការចូលរួម ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល បណ្តាញសហគមន៍ និងអង្គការដៃគូជាច្រើននាក់។
បើតាមលោកនាយកប្រចាំតំបន់អាស៊ី អង្គការ AHF កម្ពុជា បានចាប់ផ្តើមពីគ្លីនិកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៥ រហូតដល់ការក្លាយជាអ្នកដឹកនាំក្នុងឆ្លើយតបនឹងមេរោគអេដស៍ ដែលបច្ចុប្បន្ននេះ មានរួមកម្មវិធីបង្ការមេរោគអេដស៍ការព្យាបាល និងថែទាំ កម្មវិធី អាហារសុខភាព ក្មេងស្រី និងផ្សេងៗរួមមានការចូលរួមដើម្បីការសង្គ្រោះជីវិតមនុស្សជាងប្រមាណ ៥២ ១៦២នាក់ នៅក្នុង ៤២ទីតាំង ក្នុង ១៩រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត ក៏បានថ្លែងអគុណចំពោះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដែលបានធ្វើប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំមកនេះបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារ និងផ្តល់ការគាំទ្រ និងថែទាំដល់អ្នកព្យាបាលជំងឺអេដស៍ដែលគិតជាតួលេខដែលអង្គការ បានផ្តលើការគាំពារប្រមាណជាង ៥ម៉ឺននាក់ ឫប្រមាណ ៧០% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៧ម៉ឺននាក់នៅកម្ពុជា ដែលនេះគឺជាការចែករំលែកនូវបន្ទុកដ៏ធំរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ដែរថា ភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺអេសដ៍នៅកម្ពុជា គឺមិនមែនទទួលបានដោយភាពចៃដន្យនោះទេ គឺដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំ ក្នុងនោះអគ្គបុរសរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់សាល់ក្នុងការឆ្លើយតបនឹងមេរោគអេដស៍, ទទឹមនឹងនេះក៏មានការចូលរួមគាំទ្រដោយមិនចេះនឿយហត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះគ្រប់ទីកន្លែងក្នុងចូលរួមជួយសង្គ្រោះដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ សម្រាប់នីតិកាលទី៧នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នៅតែបន្តចាត់ទុកការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ នៅតែជាអតិភាពខ្ពស់របស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងដែរថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ AHF កម្ពុជា រួមជាមួយប្រទេសចំនួន ៩ផ្សេងទៀតនៃការិយាល័យ AHF អាស៊ី និងសហការជាមួយក្រសួងសុខាភិបាល កំពុងពង្រឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ដោយជំរុញការព្យាបាលជាការបង្ការ និងផ្សព្វផ្សាយការប្រើប្រាសស្រោមអនាម័យជាមធ្យោបាយមានប្រសិទ្ធភាពបំផុតសម្រាប់ការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ។ ការរក្សាភាពជោគជ័យរបស់ប្រទេសកម្ពុជា តម្រូវឱ្យមានការគាំទ្រជាបន្តបន្ទាប់សម្រាប់អតិថិជនក្នុងការថែទាំ ការចូលរួមឡើងវិញចំពោះអ្នកដែលបាត់បង់ការតាមដាន និងការពង្រីកសេវាកម្មនៅទូទាំងខេត្ត និងតំបន់ដាច់ស្រយាល ធានាការទទួលបានសេវា ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើប្រជាជនដែលមានប្រឈមមុខខ្ពស់៕














