ពិធីសំណេះសំណាលជាមួយនិស្សិតត្រឡប់មកពីប្រទេសថៃ ដើម្បីបន្ដការសិក្សានៅកម្ពុជា ក្រោមអាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (Video inside)
14-12-2025 11:29
(ភ្នំពេញ)៖ សកម្មភាព នៃពិធីសំណេះសំណាលជាមួយនិស្សិតត្រឡប់ពីប្រទេសថៃមកបន្តការសិក្សានៅកម្ពុជា ក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ថា ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣នៃព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់និស្សិតដែលរងសម្ពាធ និងត្រូវបានគេរើសអើសក្នុងប្រទេសថៃ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជាថៃ សូមវិលត្រឡប់ មកសិក្សានៅប្រទេសកម្ពុជាវិញដោយសម្តេចនឹងឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់និស្សិត។
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលបានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីនិស្សិត គិតត្រឹមបច្ចុប្បន្ន សរុបចំនួន ១ .០៥៨ អង្គ/នាក់។
ជាមួយនឹងសំណើសុំខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ទៅតាមជំនាញដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនក្នុងប្រទេសកម្ពុជា បានចំនួន ៥២២ នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៩ ព្រមទាំបានផ្ទេរនិស្សិតត្រឡប់ពីប្រទេសថៃ មកបន្តការសិក្សានៅកម្ពុជា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត។
បច្ចុប្បន្ន គណៈកម្មាធិការអាហារូបករណ៍ បាននិងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង អប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើបច្ចុប្បន្នភាពនិស្សិត ក្នុងប្រព័ន្ធឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ សំដៅធ្វើយ៉ាងណាឱ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងក្របខ័ណ្ឌអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងទទួលបានផ្លែផ្លាក្រោយពេលបញ្ចប់ការសិក្សា៕




