អភិបាលខេត្តព្រៃវែង នាំអំណោយឧបនាយករដ្ឋមន្ត្រី ស សុខា ជូនជនភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ១២៤គ្រួសារ នៅស្រុកពារាំង

16-12-2025 13:17

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី សសុខា ចែកជូនប្រជាពលរដ្ឋជនភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ១២៤គ្រួសារ នៅបរិវេណសាលាស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក សួន សម៉ាលីន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី សសុខា ដែលសម្តេច និង លោកតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានស្នើពលរដ្ឋភៀសសឹក សូមថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងសូមជឿទុកចិត្តលើការដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើងផងដែរ។

អំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ២យួរ ក្រម៉ា១ និងថវិកាចំនួន ៥០,០០០រៀលផងដែរ។

សូមសូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពី លោក អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មន្រ្តីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក សរុបចំនួន ១៧៨រូប៕