ឧត្តមសេនីយ៍ឯក កឹង ឃន ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងខេត្តក្រចេះ
16-12-2025 15:38
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលការពារព្រំដែន ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងខេត្តក្រចេះ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក កឹង ឃន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកបំផុតពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ និងសូមជូនពរឲ្យមានសុខភាពល្អ ពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន ក៏បានលើកយកនូវសភាពការណ៍ថ្មីៗ ពិសេសសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស ដែលកន្លងមក និងពេលបច្ចុប្បន្នបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងការពារសេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ដើម្បីជាការលើកទឹកចិត្ត លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បាននាំយកថវិការបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២០លានរៀល និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន២០លានរៀលផងដែរ៕














