សមាគមបណ្តាញកសិករតេជោ និងសមាគមកាហ្វេកម្ពុជា ជួបប្រជុំគ្នាជំរុញវិស័យដំណាំកាហ្វេនៅកម្ពុជា
17-12-2025 07:38
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំមួយជាមួយសមាគមកាហ្វេកម្ពុជា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍វិស័យដំណាំកាហ្វេ ដោយជំរុញការដាំដុះក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោកបណ្ឌិត កៅ ថាច បានលើកឡើងអំពីសាវតា និងបេសកកម្មរបស់សមាគមបណ្តាញកសិករតេជោ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈតួនាទីស្នូលសំខាន់ៗចំនួន៣៖ ទី១. ជាស្ពាន៖ ផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេសដល់ប្រជាកសិករ, ទី២. ចម្លងសំឡេង៖ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច និងទី៣. ជាខែល ឬឆ័ត្រ៖ ការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យមានការរំលោភបំពាន ឬគេងចំណេញណាមួយឡើយ។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងក្នុងលក្ខណៈយូរអង្វែង ដោយចងក្រងជាបណ្ដាញពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដើម្បីជួយកសិករ ជាពិសេសគឺជួយជា ឥណទានជាទុនបង្វិល។ លោកបានសង្កត់ធ្ងន់ថា កាហ្វេ ជាដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់។
សមាគមកាហ្វេកម្ពុជា ក៏បានលើកឡើងពីសកម្មភាពរបស់ខ្លួន ក្នុងការជួយគាំទ្រដល់វិស័យដំណាំកាហ្វេកន្លងមក ដូចជា៖ ការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការដាំកាហ្វេ និងការបណ្តុះបណ្តាលបច្ចេកទេសដល់អ្នកប្រមូលទិញ និងអ្នកផលិត ឱ្យបានស្របតាមស្តង់ដារគុណភាព និងទទួលបានតម្លៃខ្ពស់។
សមាគមនេះបានចូលរួមយ៉ាងសកម្ម និងមានការប្តេជ្ញាចិត្តខ្ពស់ ដោយដើរតួនាទីជាខ្សែចង្វាក់តម្លៃ (ដាំដុះ ផលិត ដើម្បីលក់) និងបានអះអាងថា កាហ្វេ ជាដំណាំងាយស្រួលដាំ មានទីផ្សារ និងតម្លៃខ្ពស់។ បច្ចុប្បន្ន សមាគមកាហ្វេក៏កំពុងរៀបចំចងក្រងជាសៀវភៅសម្រាប់ចែកជូនប្រជាកសិករអំពីបច្ចេកទេសថែទាំដំណាំកាហ្វេឱ្យបានទិន្នផលខ្ពស់ផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច បានបំផុសគំនិតក្នុងការ រៀបចំ ផែនទីចង្អុលបង្ហាញ លើតំបន់ដែលអាចដាំដុះកាហ្វេបានក្នុងប្រទេសកម្ពុជា, ជំរុញការផ្សព្វផ្សាយឱ្យកាន់តែច្រើន ពីដំណាំដែលមានសក្កានុពលដល់សេដ្ឋកិច្ច និងជំរុញសិក្សាពី នាវានុវត្ត (ចរិកលក្ខណៈ) នៃដើមកាហ្វេ សម្រាប់ការថែទាំកាន់តែមានប្រសិទ្ធភាព។
អង្គកិច្ចប្រជុំបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសកម្មភាព និងកិច្ចសហការរបស់សមាគមទាំងពីរ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុ ងការលើកកម្ពស់វិស័យដំណាំកាហ្វេនៅកម្ពុជា ឱ្យរីកចម្រើន និងឆ្ពោះទៅរកចីរភាព។ សមាគមបណ្តាញកសិករតេជោ និងសមាគមកាហ្វេកម្ពុជា នឹងមានការសហការគ្នាក្នុងការជំរុញកាហ្វេជាផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស៕




























