វីរ:កងទ័ពជួរមុខឈរជើងសមរភូមិទិសភ្នំខ្មោច ថ្លែងអំណរគុណអភិបាលខេត្តកំពង់ចាម ដែលបានអញ្ជើញចុះសួរសុខទុក្ខភរិយា និងក្រុមគ្រួសាររបស់លោក ជាជនភៀសសឹក កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់
17-12-2025 07:56
(ព្រះវិហារ)៖ វីរ:កងទ័ពជួរមុខលោក សួន តៃហេង ដែលជាមន្ត្រីយោធាបម្រើការងារនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ឈរជើងការពារទឹកដីនៅសមរភូមិទិសភ្នំខ្មោច នៃសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកអភិបាលស្រុកស្ទឹងត្រង់ ដែលបានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តដល់ភរិយា និងក្រុមគ្រួសាររបស់លោក ជាជនភៀសសឹក។
ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដែលភរិយា និងក្រុមគ្រួសាររបស់លោក ជាជនភៀសសឹក កំពុងសម្រាកព្យាបាលជំងឺ ក្នុងស្ថានភាពប្តីកំពុងបំពេញភារកិច្ចការពារ បូរណភាពទឹកដីនៅតំបន់ព្រំដែន កម្ពុជា-ថៃ។
លោក សួន តៃហេង បានថ្លែងបញ្ជាក់ថា ការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខផ្ទាល់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាការលើកទឹកចិត្តដ៏មានន័យខ្លាំងបំផុតចំពោះកងទ័ពជួរមុខដូចជារូបលោក ដែលកំពុងឈរជើងប្រយុទ្ធ និងការពារទឹកដីនៅសមរភូមិមុខ។លោកបានចាត់ទុកសកម្មភាពនេះ ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំចំពោះកងទ័ព និងគ្រួសារយោធិន ពិសេសហាក់ដូចជាឱសថទិព្វសម្រាប់រូបលោកនិងក្រុមគ្រួសារ។
ជាមួយគ្នានេះ លោកក៏បានប្តេជ្ញាចិត្តថា៖ នឹងបន្តខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ដោយមិនខ្លាចការលំបាក និងការបូជាខ្លួនឡើយ ដើម្បីសុខសន្តិភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋកម្ពុជា។លោកថា៖សកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ កងទ័ព និងប្រជាពលរដ្ឋ ដែលជាកម្លាំងចម្បងក្នុងការកសាង និងការពារជាតិមាតុភូមិឲ្យបានគង់វង្សយូរអង្វែង៕






















