* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បុគ្គលិក «រ៉ូយ៉ាល់ គ្រុប» ស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីជួយដល់ជនភៀសសឹក

17-12-2025 08:46

(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងកក់ក្តៅបំផុត បុគ្គលិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ ស្មើនឹងវិភាគទានរួមសរុបចំនួន ៣សែនដុល្លារអាមេរិក ដើម្បីផ្តល់នូវជំនួយបន្ទាន់ដល់ក្រុមគ្រួសារជាច្រើនកំពុងរងផលប៉ះពាល់ដែលត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីលំនៅឋាន ដោយសាររងការវាយប្រហារបន្តបន្ទាប់ពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។

ថវិកាបរិច្ចាគទាំងនេះ នឹងត្រូវប្រគល់ជូន «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

ក្រុមការងារនៃមូលនិធិនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីនាំយកជំនួយជាបន្ទាន់ឬទៅដល់ប្រជាជនដែលរងផលប៉ះពាល់ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust Royal Bank បានចូលរួមបរិច្ចាគថវិកាចំនួន ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន។ វិភាគទាននេះត្រូវបានធ្វើឡើងក្រោយពីការចូលរួមបរិច្ចាគរបស់អ្នកឧកញ៉ា គិត ម៉េង ចំនួន ២លានដុល្លារ ដែលបានធ្វើឡើងកាលពីដើមខែធ្នូនេះ តាមរយៈសម្តេចតេជោ ហ៊ុនសែន ដែលនាំមកនូវជំនួយសរុបចំនួន ៤លានដុល្លារអាមេរិក ពីក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបទាំងមូល។

កាយវិការដ៏សប្បុរសនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីស្មារតី «ខ្មែរជួយខ្មែរ» និងការរួបរួមគ្នាយ៉ាងរឹងមាំមិនអាចបំបែកបាន រវាងថ្នាក់ដឹកនាំ វិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដែលប្រទេសជាតិជួបវិបត្តិនៃការឈ្លានពាន។

នេះមិនមែនជាលើកទី១ទេដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់ជនភៀសសឹក។ តួយ៉ាង កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាននាំយកជំនួយ និងសម្ភារចាំបាច់ចែកជូនដល់ប្រជាពលរដ្ឋជាង ២.០០០គ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជម្លោះព្រំដែន ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។

បន្ថែមលើនេះ ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកក្នុងខែឧសភា ឆ្នាំ២០២៥ និងចំនួន ១លាន ដុល្លារអាមេរិកបន្ថែមទៀតក្នុងខែកក្កដា ឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខកម្ពុជា ដែលឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ រាល់ការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ គឺពិតជាមានភាពចាំបាច់ក្នុងគ្រាអាសន្ននេះ។

អាស្រ័យហេតុនេះ សប្បុរសជនដែលចង់ចូលរួមចំណែកបរិច្ចាគថវិកា ឬសម្ភារផ្សេងៗ សូមអញ្ជើញទៅបរិច្ចាគនៅទីតាំងទទួលជំនួយក្បែរផ្សារបាយ័ន ដែលឋិតនៅខាងលិចផ្សារធំថ្មីឬការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត ហើយក៏អាចបរិច្ចាគពីគណនីធនាគារណាមួយក៏បាន តាមរយៈការស្កេន QR Code ដូចដែលបានភ្ជាប់ជូនខាងក្រោម៕