ក្រសួងបរិស្ថានចាត់មន្រ្តីចូលរួមការពារសុខភាព និងថែរក្សាភាពស្អាតនៅតាមមណ្ឌលជនភៀសសឹក
18-12-2025 10:05
(ព្រំដែន)៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះចុះអន្តរាគមន៍បន្ទាន់លើកិច្ចគាំពារបរិស្ថាន ចូលរួមថែទាំសុខភាពនិងអនាម័យបរិស្ថាន តាមតំបន់នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈពេលដែលកម្ពុជា កំពុងរងនូវការធ្វើសង្រ្គាមរំលោភទឹកដីពីសំណាក់ប្រទេសថៃ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីការពារសុខភាព ទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមូលដ្ឋាន និងមណ្ឌលសុវត្តិភាព ដែលរងគ្រោះដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តាខេត្តនានាជាប់ព្រំដែនកម្ពុជា-ថៃ, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់បញ្ជូន ក្រុមការងាររួមមានថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន ចំនួន ៦០នាក់ និងត្រូវបានបែងចែកជាក្រុមប្រតិបត្តិចំនួន ១៤ក្រុម ចុះទៅតាមគោលដៅ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការអន្តរាគមន៍បន្ទាន់លើកិច្ចគាំពារបរិស្ថាន និងយកសំណាកមកវិភាគរកសារធាតុគីមីនិងផ្សែងពុល ដោយសារការធ្វើសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើប្រទេសកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ សៀមរាប និងខេត្តកោះកុង និងមានការចូលរួមបន្ថែមពីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរពាក់ព័ន្ធចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន មន្រ្តីជំនាញទាំងអស់ ត្រូវបានបំពាក់នូវឧបករណ៍បច្ចេកទេស ក្នុងការចុះបំពេញការងាររួមមាន៖ ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ ឧបករណ៍យកសំណាកខ្យល់ (សារធាតុគីមីពុល) ឧបករណ៍វាស់សារធាតុគីមី និងផ្សែងពុល (ម៉ាស៊ីន Detect) ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក និងសម្ភារសម្រាប់ការពារខ្លួនមួយចំនួន។
ជាលទ្ធផល ចាប់ពីថ្ងៃប្រតិបត្តិការរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានត្រួតពិនិត្យគុណភាពខ្យល់ PM2.5 គឺស្ថិតក្នុងកម្រិតស្តង់ដារ តាមតំបន់បងប្អូនភៀសសឹករស់នៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ។ ជាមួយគ្នានេះ ការពិនិត្យគុណភាពទឹកនៅតំបន់ភៀសសឹករស់នៅ ក៏បានបង្ហាញឱ្យឃើញលទ្ធផលគុណភាពទឹក ស្ថិតក្នុងកម្រិតស្តង់ដារសម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ។ ក្រុមការងារបានបន្តយកសំណាកខ្យល់ និងសារធាតុគីមីពុល មកធ្វើការវិភាគនៅមន្ទីរពិសោធន៍បរិស្ថាន ជាបន្តផងដែរ។
សូមបញ្ជាក់ថា ដើម្បីធានាដល់ការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានល្អប្រសើរ លោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់ជូនធុងសំរាម និងសម្ភារដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តដែលទទួលរងគ្រោះដោយសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងមាន ធុងសំរាមសរុបចំនួន ៣៥០ធុង ផ្តល់រថយន្តដឹកសំរាមចំនួន ១ គ្រឿង ម៉ូតូដឹកសំរាមចំនួន ២៥គ្រឿង ក្នុងនោះជូនទៅសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គមចំនួន ២គ្រឿង សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាពចំនួន ២គ្រឿង និង នៅសល់ចំនួន ៥គ្រឿងនឹងបន្តប្រគល់ជូនតាមស្ថានភាពជាក់ស្តែង)។
លើសពីនេះ ក្រុមការងារបានចូលរួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន នៅតាមបណ្តាខេត្តគោលដៅ ធ្វើការអប់រំ ជំរុញចលនាសំអាតអនាម័យបរិស្ថាន ធ្វើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការញាែកសំរាម ការថែទាំសុខភាព ចៀសការដុតសំរាម ដុតប្លាស្ទិកជាដើម ជូនដល់បងប្អូនជនភៀសសឹក។
ក្រសួងបរិស្ថានបន្តសកម្មភាពដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ដែលលជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដាក់ចេញស្របជាមួយគោលនយោបាយនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយក្នុងខណៈនេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តមានជំនឿជឿជាក់ជានិច្ចលើរាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា តាមរយៈការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការចូលរួមទប់ស្កាត់ការបំពុលបរិស្ថានធានការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹកមានភាពស្អាត មានអនាម័យ និងមានសុខភាពល្អ៕
































