អតីតពលករត្រឡប់មកពីថៃ លើកឡើងពីកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលជួយឱ្យអតីតពលករមានការងារធ្វើ

19-12-2025 14:55

(ភ្នំពេញ)៖ អតីតពលករត្រឡប់មកពីថៃ កញ្ញា វីដ ស្រីណែត បានប្រាប់ថា ខ្លួនបានទទួលការងារធ្វើក្នុងស្រុក តាមរយៈការទាក់ទងទៅលេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្របសម្រួលស្វែងរកការងារជូន។

នៅក្នុងទិវាអន្តរជាតិសម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៨ ខែធ្នូ កញ្ញា វីដ ស្រីណែត បានឱ្យដឹងថា ខ្លួនមានស្រុកកំណើតនៅខេត្តកណ្ដាល និងធ្លាប់ទៅធ្វើការនៅប្រទេសថៃរយៈពេល ២ ឆ្នាំ នៅរោងចក្រសាច់មាន់។

កញ្ញា បន្តថា បន្ទាប់ពីទទួលបានព័ត៌មានអំពីជម្លោះព្រំដែនជាថ្មី រវាងកម្ពុជា និងថៃ ខ្លួនបានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ នៅខែសីហា ឆ្នាំ២០២៥។ នៅពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិដូង កញ្ញា បានទទួលការស្វាគមន៍ និងការយកចិត្តទុកដាក់ពីមន្ត្រីក្រសួងការងារ ក៏ដូចជាអាជ្ញាធរ យ៉ាងកក់ក្ដៅ រួមមានការចែកអាហារ ទឹកសុទ្ធ ការជួយជញ្ជូនអីវ៉ាន់ និងរថយន្តដឹកជញ្ជូនទៅស្រុកកំណើត ដោយឥតគិតថ្លៃ។

កញ្ញា បន្ថែមថា នៅពេលទៅដល់ស្រុកកំណើតភ្លាម អាជ្ញាធរភូមិ ឃុំ បានចុះមកសួរសុខទុក្ខ និងណែនាំអំពីឱកាសការងារក្នុងស្រុក តាមរយៈលេខ ១២៩៧ របស់ក្រសួងការងារ ដែលជួយស្វែងរកការងារជូន។ បច្ចុប្បន្ន ស្រីណែត កំពុងធ្វើការនៅរោងចក្រស្បែកជើងមួយកន្លែង នៅខេត្តកំពង់ស្ពឺ ដោយទទួលបានប្រាក់ឈ្នួលសមរម្យ។

អតីតពលករត្រឡប់មកពីថៃរូបនេះ បានបន្ថែមថា៖ «នាងខ្ញុំកំពុងធ្វើការនៅរោងចក្រស្បែកជើង សេមបូ ក្នុងខេត្តកំពង់ស្ពឺ ដែលមានប្រាក់ខែសមគួរល្មម ហើយការងារក៏ល្អផងដែរ តាមរយៈការណែនាំពីលេខ ១២៩៧»

កញ្ញា វីដ ស្រីណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសថៃ សូមបោះបង់គំនិតនោះចោល ព្រោះមានហានិភ័យខ្ពស់ ដោយសារបច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងមានជម្លោះជាមួយប្រទេសថៃ។ ទោះជាយ៉ាងណា បងប្អូនអាចជ្រើសរើសទៅធ្វើការនៅប្រទេសផ្សេងទៀតបាន ដូចជា ប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសជាដៃគូសហការជាមួយរាជរដ្ឋាភិបាលផ្សេងទៀត។

ស្រីណែត លើកឡើងថា ការងារក្នុងស្រុកមានចំនួនច្រើន និងជាប្រភេទការងារល្អៗ ដែលប្រជាពលរដ្ឋ និងអតីតពលករត្រឡប់មកពីថៃ អាចស្វែងរកធ្វើបាន ឬអាចទាក់ទងក្រសួងការងារ តាមរយៈលេខ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន។ អតីតពលកររូបនេះ ក៏បានលើកឡើងថា ការធ្វើការងារនៅក្នុងស្រុក ទទួលបានប្រាក់ឈ្នួលសមរម្យ និងបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផងដែរ៕