មន្ត្រីជំនាញព័ត៌មាន និងអ្នកជំនាញអ្នកសារព័ត៌មានមកពីអង្គភាពធំៗ ជួបជជែកពិភាក្សាអំពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»
19-12-2025 14:54
(ភ្នំពេញ)៖ មន្ត្រីជំនាញផ្នែកព័ត៌មាន និងអ្នកជំនាញអ្នកសារព័ត៌មានធំៗមកពីអង្គភាព និងស្ថាប័នជាច្រើននៅកម្ពុជាជិត ២០០នាក់ បានជួបជុំគ្នាដើម្បីជជែកវែកញែកអំពី «តួនាទីអ្នកសារព័ត៌មាននៅពេលប្រទេសមានជម្លោះព្រំដែន» ដោយដកស្រង់បទពិសោធន៍នៃការយកព័ត៌មានពីសង្រ្គាមនានានៅជុំវិញពិភពលោក ជាពិសេសនៅមជ្ឈិមបូព៌ា រវាងអ៉ីស្រាអ៊ែលនិងប៉ាឡេស្ទីន, រុស្ស៊ីនិងអ៊ុយក្រែន, កម្ពុជានិងថៃ (២០០៨-២០១១)។
ការពិភាក្សាវែកញែកលើប្រធានបទនេះ បានធ្វើឡើងនៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ រយៈពេលមួយថ្ងៃពេញនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ចំពេលដែលប្រទេសកម្ពុជាកំពុងរងនូវការវាយប្រហារពីសំណាក់យោធាថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា៖ «វេទិកានេះ នឹងផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និងអ្នកដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ដើម្បីពង្រឹងការទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងជម្លោះ ដើម្បីចៀសវាងការផ្សាយព័ត៌មានដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌មានបង្កឲ្យជម្លោះកាន់តែរីករាលដាល»។
វ.ន.ស.ក គឺជាវេទិកាប្រចាំឆ្នាំដ៏ធំរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយបានលើកយកប្រធានបទសំខាន់ៗទាក់ទងនឹងបច្ចុប្បន្នភាព ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែន។
ការលើកយកប្រធានបទខាងលើមកពិភាក្សាគឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែម ក៏ដូចជា ការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនឹងជម្លោះជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌មានបង្កឱ្យជម្លោះកាន់តែរីករាលដាលជាដើម។
វ.ន.ស.ក ក៏នឹងមានការអំពាវនាវផងដែរដល់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ឱ្យមកយកព័ត៌មានដោយផ្ទាល់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវមានតុល្យភាព និងមានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាព តានតឹង និងឈានទៅបញ្ឈប់សង្គ្រាមកម្ពុជា-ថៃ។
អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានជិត២០០នាក់ និងវាគ្មិនដែលមានបទពិសោធន៍លើវិស័យសារព័តមានត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានិពន្ធ នាយកសារព័ត៌មានលើកទី២២នេះ៕










