មេអាវុធហត្ថខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល និងទទួលនូវសម្ភារៈគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន Ganzberg ដើម្បីយកបន្តទៅចែកដល់គ្រួសារវីរៈកងទ័ពជួរមុខ
19-12-2025 15:12
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងទទួលនូវសម្ភារៈគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន Ganzberg ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានចាត់តំណាងយកមកប្រគល់ជូន សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាក់ស្តែង ក្នុងអង្គភាព ជាពិសេសត្រៀមបន្ត នាំយកបន្តទៅចែកដល់គ្រួសារវីរៈកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលជម្លៀសចេញពីតំបន់ សមរភូមិមុខមកទីតាំងសុវត្ថិភាព កំពុងតែត្រូវការជំនួយស្បៀងជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។
ខណៈដែលកងទ័ពកម្ពុជាយើង កំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅសមរភូមិមុខ ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ក៏កំពុងខ្នះខ្នែងយ៉ាងសស្រាក់សស្រាំ ក្នុងការជួយឧបត្ថម្ភគាំទ្រសព្វគ្រប់បែបយ៉ាង ជូនដល់បងប្អូនវីរៈកងទ័ព និងជនភៀសសឹកផងដែរ។
សម្ភារៈគ្រឿងឧបភោគបរិភោគដែលក្រុមហ៊ុន Ganzberg ឧបត្ថម្ភរួមមាន៖ អង្ករ៣តោន, ទឹកសុទ្ធ Genzberg ៥០០កេស, សាច់ផាត់ ៣០០កញ្ចប់ និងឆៃពៅផ្អែម ២៨០កញ្ចប់ថែមទៀត។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមនិងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនសប្បុរសជនទាំងអស់ ដែលបានចំណាយជាថវិកា និងគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈផ្សេងៗ ហើយចំណាយពេលដ៏មានតម្លៃ យកមកប្រគល់ដោយផ្ទាល់ទៀត មកប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាពិសេសសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ចនឹងការងារកុំបីឃ្លៀងឃ្លាតឡើយ៕













