អភិបាលខេត្តកោះកុង ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់តំណាងនាំយកអំណោយ ៩ រថយន្ត ចែកជូនពលរដ្ឋភៀសសឹកជាង ២ពាន់គ្រួសារ
19-12-2025 15:47
(កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានចាត់តំណាង នាំយកអំណោយមូលនិធិទ្រទ្រង់ជនភៀសសឹក ចំនួន ៩រថយន្តធំ មកចែកជូនពលរដ្ឋភៀសសឹកជាង ២ពាន់គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរុំសុវត្ថិភាពក្នុងស្រុកចំនួន៣ នៃខេត្តកោះកុង។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងខណៈក្រុមការងារនៃមូលនិធិទ្រទ្រង់ជនភៀសសឹក នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ បាននាំយកអំណោយដែលមានដូចជា គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារប្រើប្រាស់ និងសម្ភារចាំបាច់មួយចំនួន មកប្រគល់ជូនអាជ្ញាធរខេត្តកោះកុង ដើម្បីបែកចែកបន្តជូនដល់ជនភៀសសឹក។
បើតាមលោស្រីអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្រោយពេលក្រុមទាហានថៃ បានធ្វើការឈ្លានពាន ដោយបាញ់កាំភ្លើងចេញពីនាវាចម្បាំងចំនួន ពីរគ្រាប់ ចូលមកទឹកដីខេត្តកោះកុង បានធ្វើឲ្យពលរដ្ឋមានការភិតភ័យ និងបានភៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពជាបន្តបន្ទាប់។ លោកស្រីបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ ពលរដ្ឋដែលបានមកស្នាក់នៅក្នុងជំរុំសុវត្ថិភាព មានចំនួនសរុប ២៣២៨គ្រួសារ ស្មើនិង ៨៤១៣នាក់។ ពលរដ្ឋភៀសសឹកទាំងនេះ កំពុងស្នាក់នៅជំរុំសុវត្ថិភាព ក្នុងស្រុកចំនួន ៣ គឺស្រុកស្រែអំបិល, ស្រុកបូទុមសាគរ និងស្រុកកោះកុង។
លោកស្រីអភិបាលខេត្តកោះកុង បានចាត់ទុកអំណោយពីមូលនិធិទ្រទ្រង់ជនភៀសសឹក ដែលផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ពិតជាបានចូលរួមចំណែកចែករំលែកការលំបាករបស់អាជ្ញាធរខេត្ត និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ និងជាក់ស្តែងរបស់ជនភៀសសឹកដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល, លោកជំទាវ ឈី វ៉ា សូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក និងក្រុមការងារសមាគមសិល្បករខ្មែរ ដែលបានផ្តល់ និងនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង។
សូមបញ្ជាក់ថា ការចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ពីសំណាក់មូលនិធិទ្រទ្រង់ជនភៀសសឹក ជូនដល់ជនភៀសសឹកនៅខេត្តកោះកុង នាពេលនេះ គឺជាការគិតគូពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលរងគ្រោះ និងរងផលប៉ះពាល់ពីការឈ្លាពានរបស់កងទ័ពសៀម ដែលបានបង្ខំឱ្យពួកគេចាកចេញពីលំនៅឋាន។
ក្រៅពីខេត្តកោះកុង នៅថ្ងៃទី១៩ ខែធ្នូ តាមការណែនាំពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, ក្រុមការងារមូលនិធិទ្រទ្រង់ជនភៀសសឹក និងក្រុមការងារសមាគមសិល្បករខ្មែរ នឹងនាំយកអំណោយជាច្រើនរថយន្តទៀត ទៅផ្តល់ជូនដល់ជនភៀសសឹកនៅខេត្តពោធិ៍សាត់ផងដែរ៕












































