ព្រះចៅអធិការវត្តព្រះវិហារធំ សសរ១០០ នាំយកទេយ្យទាន និងសម្ភារៈឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ១,០៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

19-12-2025 16:07

(បន្ទាយមានជ័យ)៖ ក្នុងព្រះបរមនាម សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការ វត្តព្រះវិហារធំ សសរ១០០ និមន្តដឹកនាំសហការីមន្ត្រីសង្ឃនៃសាលាអនុគណស្រុកសំបូរ និងវត្តព្រះវិហារធំ សសរ១០០ យកទេយ្យទាន សម្ភារៈ និងបច្ច័យឧបត្ថម្ភចែកជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ចំនួន១,០៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

ទេយ្យទាន និងសម្ភារៈរួមមាន៖ បច្ច័យ ១០លានរៀល, អង្ករ ចំនួន ១១តោន និង ១៥១គីឡូក្រាម ស្មើនឹង ១១១៥១ គីឡូក្រាម, ឃីត គ្រឿងឧបភោគ បរិភោគចំនួន ១,០៨០ឈុត, ត្រីងៀត, ២៧០គីឡូក្រាម, ទឹកបរិសុទ្ធ ១០៨កេស, ទឹកបរិសុទ្ធចំនួន ១,១១៦យួរ, មី ១០កេស, ភេសជ្ជៈចំនួន ១៦កេស, ចាន ឆ្នាំង ចង្ក្រានហ្គាស កាធុន កាទឹក មុង ភួយ កន្ទេល តង់ សម្ភារៈប្រើប្រាស់មួយចំនួន។

ទេយ្យទាន និងសម្ភារៈទាំងអស់គិតជាបច្ច័យសរុប ៦៣ ៥៦៧ ០០០រៀល ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ចំនួន ១,០៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ៕