ក្រសួងព័ត៌មាន ទទួលជំនួយជានំមីដាស ១៤០កេស ដើម្បីបន្តចែកដល់កុមារតូចៗ នៅក្នុងជំរំជនភៀសសឹក ដែលរត់គេចពីការទម្លាក់គ្រាប់លើយន្តហោះ F-16 និងគ្រាប់ផ្លោងរបស់យោធាថៃ

19-12-2025 16:29

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញទទួលអំណោយពីសប្បុរសជន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះលោក YU TAO អគ្គនាយកក្រុមហ៊ុនមីដាស ដែលបានផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស មកក្រសួងព័ត៌មាន ដែលនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកអគ្គនាយក លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

លោករដ្ឋមន្ត្រី បានជម្រាបជូនថា បន្ទាប់ពីយោធាថៃឈ្លានពានទឹកដីកម្ពុជា ដោយបានទម្លាក់គ្រាប់បែក និងផ្លោងចូលភូមិស្រុក ប្រជាពលរដ្ឋសុីវិលស្លូតត្រង់ ធ្វើឱ្យប្រជាជនភៀសខ្លួនមកនៅជំរំភៀសសឹកតាមបណ្តាខេត្តនានារហូតមកដល់ពេលនេះមានចំនួនកើនឡើងជិតកន្លះលាននាក់ហើយ ក្នុងនោះមានកុមារប្រមាណជិត ១៥មុឺននាក់ បានភៀសសឹកមកតាមឪពុក ម្តាយ កំពុងជួបការលំបាក។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណនិងសូមជូនពរ ក្រុមហ៊ុនមីដាស ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ព្រមទាំងលោកអគ្គនាយក និងសហការីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អគ្គនាយកក្រុមហ៊ុនមីដាស បានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន ជាពិសេសក្នុងខណៈពេលមានសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា គឺអ្វីដែលសំខាន់ដែលក្រុមហ៊ុនជួយបានគឺមានតែការផ្តល់អំណោយជួយទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋ កុមារ កំពុងស្នាក់នៅក្នុងជំរំភៀសសឹកយ៉ាងច្រើន។ ក្រុមហ៊ុន មីដាសហ្វូដ មានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព អនាគតដ៏ល្អសម្រាប់កុមារ និងសង្គមជាតិបន្តទៅមុខទៀត៕