ធនាគារអេស៊ីលីដា ឧបត្ថម្ភអង្ករ ៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព

19-12-2025 16:49

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បានឧបត្ថម្ភអង្ករចំនួន ៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ដឹកជញ្ជូនយកទៅបែងចែកជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅតាមបណ្ដាខេត្តតាមព្រំដែន ខណៈក្រុមទាហានថៃ នៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ និងបាញ់ផ្លោងគ្រាប់ចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់មិនដាច់។

ពិធីប្រគល់ និងទទួលអង្ករខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត អ៊ុន ចាន់នី ដែលបានឧបត្ថម្ភអង្ករ ចំនួន៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា
លោកអភិបាលបន្តថា៖ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីលើនេះ សប្បុរសជន មន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ និងបណ្តាផ្សារនានា ក៏នៅតែសម្រុកមកចូលរួម ចែករំលែក ក្នុងការបរិច្ចាគធនធានទៅតាមលទ្ធលភាពរៀងៗខ្លួនផងដែរ ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សំរាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។

នៅថ្ងៃដដែលនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយពីសប្បុរសជន ស្ថាប័នរដ្ឋ ពីអាជ្ញារខណ្ឌ ក្រុមហ៊ុនឯកជនមួយចំនួន ក្រុមបងប្អូនអាជីករនានាជាច្រើនទៀត បានបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ៕