រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្ដ្រីក្រោមឱវាទទាំងអស់ គ្រប់ការសម្រេចចិត្ត ត្រូវផ្អែកលើវិជ្ជាជីវៈជំនាញ និយាមវិទ្យាសាស្រ្តស្តង់ដារច្បាស់លាស់ ដើម្បីឱ្យការព្យាបាលមានប្រសិទ្ធភាព
19-12-2025 16:53
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកសុខាភិបាលទាំងអស់ មុនធ្វើអ្វីមួយ ឬគ្រប់ការសម្រេចចិត្ដ គឺត្រូវផ្អែកលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញ ដោយគោរពនិយាមវិទ្យាសាស្រ្ត ស្តង់ដារជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដែលការព្យាបាលបែបនេះ ពិតជាមានប្រសិទ្ធភាពពិតប្រាកដ ជូនដល់ប្រជាជនយើង។។
ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ក្រោមប្រធានបទ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងរថា ជាអ្នកដឹកនាំ រាល់ការសម្រេចចិត្តដើម្បីសុខភាពរបស់អ្នកជំងឺ គឺជាការសម្រេចចិត្ត ដែលមិនមែនសម្រេចចិត្តពីក្នុងការិយាល័យទេ គឺជាការសម្រេចចិត្តពីការកសាងឡើងពីទំនុកនៅលើកន្លែងអនុវត្ត ជាមួយនឹងវេជ្ជបណ្ឌិត អ្នកថែទាំ និងអ្នកជំនាញ ដោយចុះពិនិត្យផ្ទាល់តែម្តងផងដែរ។
លោកសាស្រ្តាចារ្យបានថ្លែងបន្ថែមទៀតថា «សុខភាពរបស់ប្រជាពលរដ្ឋ បានពីការព្យាបាលចេញជាផលជាសះស្បើយ។ ហើយការព្យាបាលប្រជាពលរដ្ឋមួយករណីៗ ជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលយើង ដោយចូលរួមជាមួយជាតិគាំទ្រការអភិវឌ្ឍន៍ប្រទេស ដែលការព្យាបាលទាំងអស់នោះត្រូវបានកត់ត្រាទុក។ ដូច្នេះសូមគ្រប់ការសម្រេចចិត្ត ផ្អែលលើគតិបណ្ឌិតនៃវិជ្ជាជីវៈជំនាញ ដោយគោរពនិយាមវិទ្យាសាស្រ្ត ស្តង់ដារជាតិ និងអន្តរជាតិឱ្យ បានច្បាស់លាស់ ដែលការព្យាបាលបែបនេះពិតជាមានប្រសិទ្ធភាពពិតប្រាកដ»។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចចំណុចគួរចងចាំមួយចំនួន ដូចជាគោលការណ៍សុវត្ថិភាពអ្នកជំងឺ ដែលជារឿយៗថា «គ្មានគុណភាពឯណាដែលបានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។ សុវត្ថិភាព អ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំប្រកបដោយគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំ របស់គ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌ សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិ យោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំនិងព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាមតិមួយចំនួនដល់មន្ដ្រីបុគ្គលិកសម្រាប់យកទៅអនុវត្តរួមមាន៖
១៖ លើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ៖ ត្រូវបន្តអនុវត្តគោលការណ៍ ស្តីពីសុវត្ថិភាពអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ ការប្រើប្រាស់ថ្នាំ និងការជៀសវាងកំហុសវិជ្ជាជីវៈ ដោយផ្តោតលើអ្នកជំងឺ (Patient Centered Care) សូមផ្សព្វផ្សាយដល់គ្រប់មន្ទីរពេទ្យ
២៖ ជំរុញការធ្វើទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ៖ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធព័ត៌មានសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការតាមដានអ្នកជំងឺ
៣៖ ពង្រឹងសមត្ថភាពធនធានមនុស្សវិស័យសុខាភិបាល៖ ត្រូវបន្តសិក្សា ស្រាវជ្រាវ អភិវឌ្ឍជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ និងបង្កើននូវវប្បធម៌ចែករំលែកទៅអ្នកជំនាន់ក្រោយ
៤៖ លើកកម្ពស់ការថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់ និងមោះមុត៖ ត្រូវផ្តល់ការថែទាំប្រកបដោយការអាណិតស្រឡាញ់ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរចំពោះអ្នកជំងឺ និងមានប្រាស្រ័យទាក់ទងល្អជាមួយអ្នកជំងឺ និងក្រុមគ្រួសារ
៥៖ ជំរុញការសហការ និងសមាហរណកម្មសេវាសុខាភិបាល៖ ត្រូវពង្រឹងកិច្ចសហការគ្នានូវផ្នែកពាក់ព័ន្ធទាំងអស់ និងដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសថ្មីៗ
៦៖ ត្រូវចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ
៧៖ ត្រូវពង្រឹងភាពជាអ្នកដឹកនាំផ្នែកគិលានុបដ្ឋាក និងឆ្មប ក្នុងសុវត្ថិភាពអ្នកជំងឺ ដែលជាដៃគូដ៏សំខាន់ក្នុងការសម្រេចគោលដៅសុវត្ថិភាពអ្នកជំងឺ។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋន្រ្តី ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង ក៏ដូចជាមន្ទីរពេទ្យជាតិ ព្រមទាំងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមយ៉ាងសកម្ម និងអង់អាចក្លាហាន ក្នុងនាមជាកងទ័ពអាវស ទទួលថែទាំ ព្យាបាល និងសង្គ្រោះអាយុជីវិត កងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ ដោយឈរជាបង្គោលដ៏រឹងមាំនៅគ្រប់ស្ថានការណ៍ ដើម្បីធានាការពារសុខភាពសាធារណៈ ជូនជាតិមាតុភូមិគ្រប់ពេលវេលា ទោះស្ថិតក្នុងកាលៈទេសៈលំបាកណាក៏ដោយ៕























