ក្នុងស្មារតី «ខ្មែរជួយខ្មែរ» សប្បុរសជនជាច្រើន បន្តនាំអំណោយចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីនាំយកទៅចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
19-12-2025 17:06
(ភ្នំពេញ)៖ អំណោយជាស្បៀងអាហារ និងទឹកសុទ្ធរបស់សប្បុរសជននានាដើម្បីចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខ និងជួយដល់ប្រជាពលរដ្ឋភៀសសឹក ត្រូវបាន អ្នកឧកញ៉ា លឹម ហួរ នីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន នាំយកមកប្រគល់ជូនលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
អ្នកឧកញ៉ា លឹម ហួរ នីតូ បានគូសបញ្ជាក់ថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានរួមសហការគ្នានាំយកនូវស្បៀងអាហាររួមមានទឹកសុទ្ធ ២០០កេស អង្ករ ១តោន មី ១០០កេស នំមីដាស ២០កេស និងគ្រឿងទេស ២០០កញ្ចប់ ដែលស្មើនឹងទឹកប្រាក់សរុប ៣ ៩៥០ដុល្លារ យកមកក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា ដែលបានផ្តល់ជំនួយជាទឹកសុទ្ធ អង្ករ មី នំ និងគ្រឿងទេស មកដល់ក្រសួងព័ត៌មាន ដែលទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។
ជាមួយនេះក៏សូមអរគុណដល់លោក A Bing ដែលបានឧបត្តម្ភថវិកាចំនួន ៣ ០០០ដុល្លារ និងអ្នកនាង Bei Bei ដែលបានឧបត្តម្ភថវិកាចំនួន ១ ០០០ដុល្លារ តាមរយៈសមាគមយុវជនឌីជីថលកម្ពុជា-ចិន ដើម្បីទិញគ្រឿងឧបភោគបរិភោគផ្តល់មកក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តនានា ពិសេសជូនដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕













