ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
19-12-2025 17:13
(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញ។
ប្រជុំពិភាក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ធ្វើឡើងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដើម្បីជំរុញការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ផ្លូវនេះមានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកា ១,៦៣៨លានដុល្លារ ផ្លូវនេះមានសារៈសំខាន់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងទៅវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ផងដែរ៕






















