សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបវេល ស្រុកបវេល

19-12-2025 17:17

(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ បានចាត់តាំងលោក កុសុម សុភីនារ៉ា នាយកសាខាអមដំណើរ ដោយយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងនាំយកថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសាខាខេត្ត ជូនគ្រួសារសព យុវជន កៅ សំណាង អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១០ (J) និងជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យបវេល ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលធ្វើដំណើរទៅយកប្អូន (ព្រះសង្ឃ) នៅបន្ទាយមានជ័យ ដើម្បីភៀសសឹកមកស្រុកបវេល តែទៅមិនទាន់ដល់គោលដៅ ក៏ជួបគ្រោះចរាចរណ៍បណ្តាលឲ្យបាត់បង់អាយុជីវិត។

ពិធីបុណ្យសពប្រារព្វធ្វើនៅគេហដ្ឋានស្ថិតនៅភូមិភូមិសាមគ្គី ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់យុវជន កៅ សំណាង សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕