លោក ហាក់ ម៉ុងហួត នាំយកអំណោយមនុស្សធម៌ ចុះចែកជូនជនភៀសសឹក ៣៧គ្រួសារ មកស្នាក់នៅក្នុងមូលដ្ឋាន ឃុំពង្រ និងឃុំច្រនាង ស្រុកតាំងគោក

19-12-2025 17:32

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហានគរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនជនភៀសសឹក ៣៧គ្រួសារ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិប្រយុទ្ធនៅព្រំដែន មកកាន់ទីតាំងសុវត្ថិភាពនៅនៅឃុំពង្រ និងឃុំច្រនាង ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងលោកអភិបាលខេត្តកំពង់ធំ តែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹងដែលមកស្នាក់នៅបណ្ដោះអាសន្នផងដែរ ព្រមទាំងជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រៀវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ និងធ្វើការចុះសួរសុខទុក្ខ និងផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

បើតាមលោក ហាក់ ម៉ុងហួត គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គ្រួសារកងទ័ព និងបងប្អូនភៀសសឹកមកពីខេត្តព្រំដែន មកស្នាក់នៅក្នុងស្រុកតាំងគោក មានចំនួនកើនឡើងជាបន្តបន្ទាប់។ លោកក៏បានប្រាប់ឱ្យប្រជាជនភៀសសឹក យកចិត្តទុកដាក់គិតគូរពីសុខភាព ឱ្យបានល្អ កុំមានការភិតភ័យ និងបារម្ភពេលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកតាំងគោកនេះ ហើយក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង គឺមានក្រុមគ្រូពេទ្យរង់ចាំជួយគ្រប់ពេលវេលាផងដែរ។

លោក ហាក់ ម៉ុងហួត បានបន្ថែមថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ដោយរៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។

លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តសាមគ្គីភាព និងឯកភាពគ្នាឱ្យបានរឹងមាំបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តជឿជាក់លើថ្នាក់ដឹកនាំ ក្នុងចំណាត់ការការពារទឹកដីនាពេលនេះ, លោកអះអាងថា បើយើងរួមកម្លាំង សាមគ្គីគ្នាបានរឹងមាំ នោះជាតិយើងនឹងកាន់តែខ្លាំងក្លា និងឈ្នះអស់ពួកមារសត្រូវទាំងឡាយជាក់ជាមិនខាន។

សូមបញ្ជាក់ដែរថា នាឱកាសនោះលោក ហាក់ ម៉ុងហួត ក្រៅពីការឧបត្ថម្ភអំណោយដល់ជនភៀសសឹកហើយនោះ ក៏បានឧបត្ថម្ភកាបូបសម្រាប់ដាក់សម្ភារសិក្សាដល់កុមារភៀសសឹក ដើម្បីបានចូលរៀនក្នុងកំឡុងពេលភៀសសឹកផងដែរ។ ខណៈមកដល់ពេលនេះនៅក្នុងស្រុកតាំងគោក មានកុមារភៀសសឹក បានចុះឈ្មោះចូលរៀនចំនួន ៤២នាក់ហើយ ក្នុងនោះសរុប គ្រួសារកងទ័ព និងបងប្អូនភៀសសឹកមកពីខេត្តព្រំដែន មកស្នាក់នៅក្នុងស្រុកតាំងគោកមានចំនួន ៥៥៨គ្រួសារ ស្មេី ១.៧៤១នាក់៕