លោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ទទួលអំណោយពីអង្គការដៃគូ ដើម្បីឧបត្ថម្ភដល់គ្រួសារវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅកម្ពុជា

19-12-2025 17:33

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃនេះបានទទួលអំណោយឧបត្ថម្ភពីអង្គការដៃគូមួយចំនួន ដែលបានចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដើម្បីយកទៅឧបត្ថម្ភគាំទ្រដល់ គ្រួសារវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលបានជម្លៀសខ្លួនចេញពីលំនៅដ្ឋាន និងកំពុងស្នាក់នៅបណ្ដោះអាសន្នតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការឈ្លានពានដោយទាហានសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា។

អំណោយទាំងនោះបានមកពីអង្គការដៃគូទាំង៣ រួមមាន៖
១៖ លោកស្រី ពិន ទិត្យវាសនា នាយិកាអង្គការ អេហ្វ អេក កម្ពុជា (FH) បានចូលរួមឧបត្ថម្ភសម្ភារប្រើប្រាស់អនាម័យ រួមមាន៖ សាប៊ូសម្រាប់បោកគក់ ទម្ងន់៥០០ក្រាម ចំនួន៣០០កញ្ចប់, សំឡីអនាម័យ ចំនួន៣០០ដុំ, ថ្នាំដុសធ្មេញ ទម្ងន់១៧៥ក្រាម ចំនួន៣០០ដប និងច្រាសដុសធ្មេញ ចំនួន៣០០ដើម។

២៖ លោក Yeon Hyung Mo នាយកប្រចាំប្រទេសអង្គការ Merry Year International (MYI) បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមមាន៖ ក្រដាសសើម ១កេស, ថ្នាំដុសធ្មេញ ៣០ប្រអប់, ច្រាសដុសធ្មេញ ១៩ដើម, ធូបមូស ២ប្រអប់, ទឹកស៊ីអ៊ីវ ២យួរ, ស្ករស ១០កញ្ចប់, អំបិល ១០កញ្ចប់, ប៊ីចេង ១០កញ្ចប់, ទឹកសុទ្ធវីតាល់ ១០កេស, ទឹកសណ្តែកក្រដាស ១កេស, នំពងទា ៥ប្រអប់, ខោទឹកនោម ២ដុំ, នំសាំងវិច ៥ប្រអប់, នំកូរ៉េ ១កេស, នំដំឡូង ៥កញ្ចប់ និងអង្ករ ១០០គីឡូក្រាម។

៣៖ លោក សុះ សៅអ៊ុ ប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម (RDSA) បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមមាន៖ អង្ករ ១០តោន, ស្ករស ១,០០០គីឡូក្រាម, ប្រេងឆា ៥០០ដប (ស្មើនឹង ៥០០លីត្រ), ត្រីខ ១០កំប៉ុង, រទេះជនពិការ ១០រទេះ និងថ្នាំពេទ្យ ៧មុខ ចំនួន១៥០ប្រអប់។

លោករដ្ឋមន្ត្រី បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះសន្តានចិត្តប្រកបដោយសប្បុរសធម៌ និងការរួមរួបសាមគ្គីយ៉ាងរឹងមាំ ក្នុងស្មារតីចេះយកអាសាគ្នា និងចេះចែករំលែកគ្នា ក្នុងគ្រាដែលប្រជាពលរដ្ឋកម្ពុជាកំពុងជួបទុក្ខលំបាក។ លោកបានបញ្ជាក់ថា ការឧបត្ថម្ភទាំងអស់នាពេលនេះ នឹងជួយសម្រួលការលំបាករបស់ គ្រួសារវីរៈកងទ័ព និងជនភៀសសឹក ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។

លោករដ្ឋមន្ត្រីបានគូរបញ្ជាក់ថា កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់ទុក្ខវេទនាដោយសារសង្គ្រាមជាច្រេីនមកហេីយ ដូចនេះប្រជាជនកម្ពុជាទាំងមូល គឺត្រូវការនូវសុខសន្តិភាព៕