ប្រធានក្លិបអ្នកកាសែតកម្ពុជា បង្ហាញការសោកស្តាយដែលអ្នកជំនាញព័ត៌មានរបស់ថៃ សូម្បីតែព័ត៌មានពិតឬមិនពិត ក៏បែងចែកមិនដាច់, នេះជាបញ្ហាធំនៅក្នុងសង្គមថៃបច្ចុប្បន្ន (Video inside)
19-12-2025 17:54
(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បង្ហាញការសោកស្តាយ សេចក្តីប្រកាសរបស់ មជ្ឈមណ្ឌលព័ត៌មានរួមស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ របស់ប្រទេសថៃ (The Joint Press Center on the Thailand–Cambodia Border Situation) ដែលបានច្រានចោលមតិរបស់លោកជាមួយទូរទស្សន៍អន្តរជាតិ RT របស់រុស្ស៉ី ចំពោះការស្រង់ព័ត៌មានតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន។
ប្រធានក្លិបអ្នកកាសែតកម្ពុជា បានចាត់ទុកថា អ្នកជំនាញព័ត៌មានរបស់ថៃ សូម្បីតែព័ត៌មានពិត ឬព័ត៌មានមិនពិត ក៏បែងចែកមិនដាច់, ចំណុចនេះគឺជាបញ្ហាធំមួយនៅក្នុងសង្គមថៃបច្ចុប្បន្ន។
ក្នុងឱកាសជជែកវែកញែកអំពី «តួនាទីអ្នកសារព័ត៌មាននៅពេលប្រទេសមានជម្លោះព្រំដែន» នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ពុយ គា បានគូសបញ្ជាក់ថា រាល់ខ្លឹមសារដែលលោកផ្តល់បទសម្ភាសដល់ទូរទស្សន៍អន្តរជាតិ RT របស់រុស្ស៉ី គឺលោកបានដកស្រង់ពីប្រភពតាមវិជ្ជាជីវៈសារព័ត៌មានពីយោធាកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅក្បែរព្រំដែន ខណៈយោធាកម្ពុជា បានរងគ្រោះដោយសារតែផ្សែងពុលដែលយោធាថៃ បាញ់ស្រោចមកលើយោធាកម្ពុជា នៅក្នុងជម្លោះព្រំដែន។
«...ខ្ញុំនិយាយនិងស្រង់បែបវិជ្ជាជីវៈសារព័ត៌មាន ដែលខ្ញុំបានទៅជួបយោធាកម្ពុជា ដែលរងរបួសក្នុងមន្ទីរពេទ្យក្បែរព្រំដែន (យោធាដែលរងគ្រោះដោយសារផ្សែងពុល) និងដកស្រង់ពីសារព័ត៌មានក្នុងស្រុកផ្សាយពាក់ព័ន្ធនឹងពលរដ្ឋខ្មែររងគ្រោះដោយសារផ្សែងពុលរបស់ទាហានថៃ បែរជាខាង The Joint Press Center on the Thailand–Cambodia Border Situation គេបដិសេធថាការនិយាយរបស់ខ្ញុំ ជាព័ត៌មានមិនពិតទេ ជាព័ត៌មានក្លែងក្លាយ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ពុយ គា។
ប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់ថា៖ «អីចឹងខ្ញុំសោកស្តាយ អីចឹងខាង The Joint Press Center on the Thailand–Cambodia Border Situation គាត់ចូលទៅបំពានវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយខ្ញុំសោកស្តាយមែនទែន ដែលប្រទេសថៃ ធ្លាប់តែជាប្រទេសមួយដែលគេទទួលស្គាល់ថា ស៉ីវិល័យ សេរីភាពផ្នែកព័ត៌មាន។ល។ និង។ល។ ប៉ុន្តែ ចុងក្រោយនេះ គាត់ដូចជាវង្វេងវង្វាន់ សូម្បីតែព័ត៌មានក៏គាត់មិនដឹងថាជាព័ត៌មានពិត ឬក៏មិនពិតនេះជាបញ្ហាធំនៅក្នុងសង្គមរបស់ថៃ បច្ចុប្បន្ននេះ»។
គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៣ថ្ងៃហើយ ដែលយោធាថៃ បើកការឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងកម្រោល រំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ការវាយប្រហារថៃ បានធ្វើឡើងមិនរើសគោលដៅ បណ្តាលឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជា បាត់បង់ជីវិត១៨នាក់ (ទារក ១នាក់) និងរងរបួស៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕




