អំណោយរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកស្រី ព្រមទាំងក្រុមការងារ និងសប្បុរសជននានា ត្រូវបាននាំយកមកមណ្ឌលសុវត្ថិភាពចំនួន៤ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

19-12-2025 18:14


(បាត់ដំបង)៖ លោក អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយនឹងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញនាំយកអំណោយ របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមការងារ និងសប្បុរសជននានា មកចែកជូនមណ្ឌលសុវត្ថិភាពចំនួន ៤ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជិត ២០០០គ្រួសារ។

មណ្ឌលសុវត្ថិភាពទាំង៤នេះ រួមមាន ៖ ១-មណ្ឌលសុវត្ថិភាពវត្តឧត្តមមុនីវង្ស មានប្រជាពលរដ្ឋភៀសសឹកចំនួន ៨៦៦គ្រួសារ, ២-មណ្ឌលសុវត្ថិភាពវត្តគោកឃ្មុំ មានប្រជាពលរដ្ឋភៀសសឹកចំនួន ៣៧៥គ្រួសារ, ៣-មណ្ឌលសុវត្ថិភាពវត្តហ្លួងផែង មានប្រជាពលរដ្ឋភៀសសឹក ៣១៤គ្រួសារ និង ៤-មណ្ឌលសុវត្ថិភាពផ្សារខៀវ ម៉ឹង អូរតាគី មានប្រជាពលរដ្ឋភៀសសឹកចំនួន ២៦៦គ្រួសារ។

អំណោយដ៏ថ្លៃថ្លារបស់លោក កើត រិទ្ធ និងលោកស្រី ព្រមទាំងក្រុមការងារ និងសប្បុរសជននានារួមមានដូចជា អង្ករ, មី, ត្រីខ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ទឹកសុទ្ធ, ភួយ, ក្រម៉ា, សាប៊ូ, អាវ និងសម្ភាប្រើប្រាស់មួយចំនួនផ្សេងទៀត ព្រមទាំងសម្ភារកុមារចំនួនជាង ២៤០០ឈុត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ និងជូនដល់មណ្ឌលសុវត្ថិភាព។

បន្ថែមពីលើអំណោយខាងលើ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជូននូវថវិកាមួយចំនួនប្រគេនដល់វត្ត និងជូនដល់មណ្ឌលសុវត្ថិភាព ដើម្បីប្រើប្រាស់តាមការចាំបាច់ផងដែរ៕