អភិបាលខេត្តកំពង់ធំ ចែកអំណោយដល់ពលរដ្ឋភៀសសឹក៣០៧គ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងក្រុងស្ទឹងសែន
19-12-2025 18:34
(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ចំនួន៣ទីតាំងផ្សេងគ្នា មានចំនួន៣០៧គ្រួសារ។
ក្នុងនោះ ទីតាំងទី១ នៅវត្តក្រចាប់ ចំនួន ១៤៧គ្រួសារ ទីតាំងទី២ នៅវត្តទេពនិម្មិត ចំនួន ៩៣គ្រួសារ និងទីតាំងទី៣ វត្តសែនសិរី ចំនួន ៧២គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលតែងតែមានការខ្វល់ខ្វាយបារម្ភអំពីសុខទុក្ខ ក្នុងវរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកយើងគ្រប់ពេលវេលា។
លោកបន្តថា យោធាថៃបានព្យាយាមរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិតជាមិនបានសម្រាកទេ ជាពិសេសសម្តេចតេជោ និងសម្ដេចបវរធិបតី ដែលកំពុងដឹកនាំបញ្ជា និងតាមដានសភាពការណ៍ដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការការពារជាតិមាតុភូមិកម្ពុជា។
លោកបានថ្លែងអំណរគុណដល់សព្វបុរសជនទាំងអស់ ដែលបានជួយគាំទ្រឧបត្ថម្ភនូវធនធាន និងសម្ភារៈ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់បន្តចែកចាយជូនដល់វីរៈកងទ័ព និងជនភៀសសឹកនៅក្នុងរយៈពេលនៃសង្គ្រាមនេះ។ ហើយនេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។
តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស រួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខយើង ដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឈ្លានពានឲ្យអន្តរាយ៕



















