រដ្ឋមន្ត្រី ហេង សួរ នាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
19-12-2025 18:49
(បន្ទាយមានជ័យ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាព នាខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតប ក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយ ជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារវីរកងទ័ព។
លោករដ្ឋមន្រ្តី ហេង សួរ ក៏បានសន្យាថា នឹងខិតខំជួយកៀរគរជំនួយបន្ថែមទៀត ដើម្បីជួយទទួលបន្ទុកដោះស្រាយលើតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋភៀសសឹកទាំង៧០០ គ្រួសារនៅមណ្ឌលនេះ។
តាមរយៈជំនួយតាមបណ្ដាម្ចាស់សហគ្រាស រោងចក្រ ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត និងសប្បុរសជនទាំងអស់ស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយ បាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយលោក ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលកំពុងបំពេញកាតព្វកិច្ច ការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត លោក ឌិត ទីណា និងលោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹកនាពេលនេះ។
លោកបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។
អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះមានចំនួន ១,១០៦កញ្ចប់ ដែលរួមមាន៖ ថវិកា ចំនួន ២ម៉ឺនរៀល ក្នុង ១កញ្ចប់, អាវ ចំនួន ១, ខោ ចំនួន ២, ថ្នាំរាគ ចំនួន ១ប្រអប់, ថ្នាំប៉ារ៉ា ចំនួន ១ប្រអប់, ប្រេងកូឡា ចំនួន ១ប្រអប់, មី ចំនួន ១០កញ្ចប់, ទឹកបរិសុទ្ធ ចំនួន ១យួរ និងអង្ករ ចំនួន ១០គីឡូក្រាម។
លោករដ្ឋមន្រ្តីក៏បានប្រគេនថវិកា ចំនួន ៤០លានរៀល ជូនដល់ព្រះចៅអធិការវត្តអញ្ចាញ ដើម្បីដោះស្រាយជួយសម្រួលការលំបាកផ្សេងៗ៕


















