រដ្ឋមន្ត្រី ហួត ហាក់ នាំយកអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្តល់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក
20-12-2025 09:14
(បន្ទាយមានជ័យ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាននៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្តល់ជូនគ្រួសារវីរកងទ័ពដ៏អង់អាចក្លាហាន និងពលរដ្ឋភៀសសឹក ចំនួន ១,០០០គ្រួសារ នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកប្រធាន ហួត ហាក់ បានប្រគល់ជូនលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោកប្រធាន ហួត ហាក់ បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះលោកបានជម្រាបជូនប្រជាពលរដ្ឋ ឲ្យមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈនិងគ្រប់ដំណាក់កាល។
ស្ថិតក្នុងគ្រាដ៏លំបាកនេះ លោក ហួត ហាក់ បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចតេជោប្រធានគណបក្ស, រួមជាមួយសម្តេចធិបតីអនុប្រធានគណបក្ស និងឥស្សរជនកំពូលរបស់ជាតិ ដែលតែងតែរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ដោយមិនទុកពលរដ្ឋណា, គ្រួសារណា ឬ យោធិនណាឱ្យនៅឯកោ នោះឡើយ, ព្រមទាំងប្តេជ្ញាការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ, មាតុភូមិ និងប្រជាជនកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។
សូមជម្រាបថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបាន៖ អង្ករ ១០គីឡូក្រាម, សាច់មាន់ផាត់ ០.២គីឡូក្រាម, ឆៃប៉ូវ ០.២គីឡូក្រាម, ត្រីងៀត ០.២គីឡូក្រាម, មីជាតិ ៦កញ្ចប់, សៀង ២ដប, ពងទាសាប ៤គ្រាប់, ពងទាប្រៃ ២គ្រាប់, ត្រីខ ២កំប៉ុង, ទឹកភេសជ្ជៈ ៦កំប៉ុង និងទឹកសុទ្ធ ១កេស៕













