ថ្នាក់ដឹកនាំក្រសួងការងារ ជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តមីយ៉ាហ្គិ និងស្នើឱ្យរដ្ឋាភិបាលជប៉ុនជំរុញភាគីថៃឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
20-12-2025 09:45
(ខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន)៖ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង លោកហេង សួរ រដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានជួបសម្តែងការគួរសមជាមួយលោក Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ នៅសាលាខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន។
នៅក្នុងជំនួបនេះ លោកអនុរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោករដ្ឋមន្ត្រី ហេង សួរ ជូនចំពោះលោកអភិបាលខេត្ត និងអបអរសាទរលោកដែលបានជាប់ឆ្នោតជាអភិបាលខេត្តមីយ៉ាហ្គិ ៦អាណត្តិជាប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត កាលពីខែតុលា កន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនេះ លោកអនុរដ្ឋលេខាធិការ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការជំរុញការបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ទន្ទឹមនេះ លោកបានពន្យល់អំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងស្នើដល់លោក Yoshihiro Murai ជួយជូនយោបល់ទៅរដ្ឋាភិបាលជប៉ុន ឱ្យជួយសម្របសម្រួល និងជំរុញភាគីថៃឱ្យឆាប់វិលមកតុចរចាដោះស្រាយជម្លោះនេះដោយសន្តិវិធី និងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឡើងវិញ។
ជាការឆ្លើយតប លោកអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ថា លោកនឹងនាំយកនូវសំណើនេះជូនក្រសួងការបរទេសជប៉ុន ដោយលោកក៏ឧស្សាហ៍មានកិច្ចប្រជុំជាមួយក្រសួងការបរទេសដែរ៕









