រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាព
20-12-2025 10:05
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សាក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន កម្ពុជា ថៃ ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។
កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតលើការជំរុញការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលវាយប្រហារមកលើវិស័យទេសចរណ៍កម្ពុជា។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ,លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គឹម មិនា នាយកប្រតិបត្តិ CTB, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, ឧកញ៉ា ហ៊ី សុធា ប្រធានសមាគមថ្នាក់ជាតិសណ្ឋាគារ, លោក ម៉េត សុជាតិ តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា និង អ្នកចូលរួម សរុបប្រមាណ ២០រូប។
ជាមួយគ្នានេះ, លោករដ្ឋមន្ត្រី សូមអំពាវនាវឱ្យប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្តសកម្មភាពជាប្រក្រតី និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជួយគាំទ្រប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកនេះ ដែលក្រសួងទេសចរណ៍ សូមដាក់ចេញនូវ រដូវកាលសាមគ្គីភាព (Solidarity Season) ដែលខ្មែរជួយខ្មែរ, ខ្មែរជួយអាជីវកម្មរបស់ខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ៕













