លោក ហេង សួរ នាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់ផ្តល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

20-12-2025 11:13

(ខេត្តព្រះវិហារ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង តំណាងនិយោជក និងក្រុមការងារ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ប្រគល់ជូនឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹកនៅតាមព្រំដែន និងគ្រួសារវីរកងទ័ព។

តាមរយៈម្ចាស់ជំនួយពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិត និងម្ចាស់ជំនួយទាំងអស់ ដែលបានស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ ដោយ លោក ហេង សួរ បានថ្លែងថា សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។

ក្នុងនាមរដ្ឋបាលខេត្ត លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។

អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះរួមមាន៖ ថវិកា ចំនួន ៤០លានរៀល, រថយន្តដឹកជញ្ជូន (3.5តោន) ចំនួន ១គ្រឿង, ម្ហូបអាហារ, គ្រឿងឧបភោគបរិភោគ, ថ្នាំពេទ្យ,​ ភេសជ្ជៈ​ និងសម្ភារៈប្រេីប្រាស់៕