សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក
20-12-2025 11:36
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធាន និងសមាជិកា គណៈកម្មការសមាគម បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
អំណោយរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប វ៉ែនតាការពារផ្សែងពុលចំនួន២០០ ម៉ាសការពារផ្សែងពុលចំនួន ២០០ និងថវិកាចំនួន ១០ លានរៀល ដើម្បីគាំទ្រដល់កងទ័ពជូរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក ព្រមទាំងសូមគោរពដឹងគុណជូនដល់វីរៈកងទ័ពជួរមុខ និងថ្នាក់ដឹកនាំកំពូលដែលខិតខំប្រឹងប្រែងក្នុងការការពារប្រជាជន និងបូរណភាពទឹកដីជាតិយើង។
ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគម ក្នុងនាមជាសមរភូមិក្រោយរួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវីរៈកងទ័ពដែលកំពុងឈរជើង នៅសមរភូមិមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងមាតុភូមិយើង៕










