លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីយកទៅចែកជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ

20-12-2025 12:36

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយពីសប្បុរសជនលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសមាជាពីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន និងលោកស្រីឧកញ៉ា មេធាវី ទី គឹមស្រ៊ាន សមាជិកាកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានប្រគល់លិខិតថ្លែងអំណរគុណរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានខ្លឹមថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ដែលបានផ្តល់ជំនួយជាអាវកុមារចំនួន ១៤០អាវ និងការហ្វេ ATOMY ចំនួន ៨ប្រអប់ ស្មើនឹង ១ ៦០០កញ្ចប់ មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកស្រីលើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈ ក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់កុមារ និងប្រជាពលរដ្ឋដែលបានភៀសសឹកនៅតាមព្រំដែន។

ចំពោះលោកស្រីឧកញ៉ា មេធាវី ទី គឹមស្រ៊ាន, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីឧកញ៉ា មេធាវី ដែលបានផ្តល់ជំនួយជាគ្រឿងបរិភោគរួមមានប្រហុក ១៥០កែវ ផ្អក ១៥០កែវ ឆៃប៉ូវ ១៥០កញ្ចប់ ត្រីប្រហើម ៥០គីឡូ និងនំអប្សរា៥០ប្រអប់ មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកស្រីឧកញ៉ា មេធាវី លើការងារសេប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមជូនពរលោកស្រីឧកញ៉ា មេធាវី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕