ក្រសួងទេសចរណ៍ អំពាវនាវប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្ដពង្រឹងគុណភាពសេវា និងតម្លៃសមរម្យ ក្នុងរដូវកាលសាមគ្គីភាព
20-12-2025 13:22
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសដាក់ចេញ «រដូវកាលសាមគ្គីភាព» (Solidarity Season) និងអំពាវនាវដល់ប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ជាពិសេសវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនដឹកជញ្ជូន ចូលរួមបញ្ចុះតម្លៃ និងផ្តល់សេវាកម្មប្រកបដោយគុណភាព ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្ថានភាពបច្ចុប្បន្ន។
ការអំពាវនាវនេះ ធ្វើឡើងក្នុងខណៈដែលកម្ពុជាកំពុងជួបប្រទះបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលអាចប៉ះពាល់ដល់សកម្មភាពទេសចរណ៍ និងចលនាអ្នកដំណើរនៅតំបន់មួយចំនួន។ ខណៈពេលនេះ ក្រសួងទេសចរណ៍ អំពាវនាវដល់ប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្តសកម្មភាពជាប្រក្រតី ដោយបន្តពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ចល្អ និងតម្លៃសមរម្យ។
សូមជម្រាបថា តំបន់ទេសចរណ៍សំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងគោលដៅទេសចរណ៍ផ្សេងៗទៀត នៅតែដំណើរការជាប្រក្រតី មានសុវត្ថិភាព និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយគ្មានការរំខានពីស្ថានភាពព្រំដែននោះទេ។
ក្រសួងទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ បន្តជួយគាំទ្រប្រតិបត្តិករ និង មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅក្នុងរដូវកាលសាមគ្គីភាពនេះ និងបន្តធ្វើដំណើរទេសចរណ៍ក្នុងស្រុក ជាផ្នែកមួយនៃការគាំទ្រសេដ្ឋកិច្ច និងវិស័យទេសចរណ៍ជាតិ ក្នុងស្មារតីសាមគ្គីភាព និងទំនុកចិត្តលើស្ថានភាពសន្តិសុខរបស់ប្រទេសកម្ពុជា៕







