ក្លិបអ្នកកាសែតកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួម១៣ចំណុចស្ដីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»

20-12-2025 13:41

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធាន បានចេញសេចក្ដីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ស្ដីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ចំនួន១៣ចំណុច បន្ទាប់ពីបានដំណើរការកិច្ចប្រជុំពេញមួយថ្ងៃនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈម ដែលនឹងកើតឡើង។ ក្នុង ន័យនេះការលើកយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» មកជជែកពិភាក្សា នាពេលនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនូវបច្ចុប្បន្នភាពប៉ុណ្ណោះទេ ប៉ុន្តែវាបណ្តុះស្មារតីអ្នកសារព័ត៌មានក្នុងការលើក កម្ពស់ការទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនជាតិ និងអន្តរជាតិ។

ផ្តើមពីនោះម្ចាស់ស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង រួមទាំងតំណាងស្ថាប័នសារព័ត៌មាន បានយកចិត្តទុកដាក់ពិភាក្សាផ្លាស់ប្តូរយោបល់ ហើយបានអនុម័តចេញនូវសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារដូចខាងក្រោម៖