បណ្ឌិត យង់ ពៅ៖ បើយើងមិនផ្សព្វផ្សាយទីតាំងស៉ីវិល ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលយោធាថៃ បំផ្លិចបំផ្លាញឱ្យអន្តរជាតិបានដឹង​នោះយើងនឹងបាត់បង់ឱកាសទាមទារយុត្តិធម៌ (Video inside)

20-12-2025 14:54

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើយើងមិនផ្សព្វផ្សាយពីទីតាំងស៉ីវិល និងទីតាំងបេតិកភណ្ឌវប្បធម៌ ដែលយោធាថៃ បានប្រើប្រាស់យន្តហោះច្បាំង F-16 ទម្លាក់គ្រាប់ និងកាំភ្លើងធុនធំផ្លោងបំផ្លិចបំផ្លាញឱ្យអន្តរជាតិបានដឹង​នោះយើងនឹងបាត់បង់ឱកាសទាមទារយុត្តិធម៌។

ការលើកឡើងបែរនេះរបស់លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងក្នុងឱកាសជជែកវែកញែកអំពី «តួនាទីអ្នកសារព័ត៌មាននៅពេលប្រទេសមានជម្លោះព្រំដែន» នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ចំពេលដែលប្រទេសកម្ពុជាកំពុងរងនូវការវាយប្រហារពីសំណាក់យោធាថៃ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា៖ «ខ្ញុំយល់ឃើញថា ថៃបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់យើង អាហ្នឹងត្រូវឱ្យគេដឹងហើយ ត្រូវពិភពលោកដឹងហើយ ប៉ុន្តែ ចូលទៅក្បែរលេណដ្ឋានយោធាហ្នឹងយើងមិនអាចថតផ្សាយបាននោះទេ»

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ថៃ តាំងចិត្តបំផ្លាញទីតាំងស៉ីវិល ហេរដ្ឋាសម្ព័ន្ធ និងតំបន់ប្រាង្គប្រាសាទ គឺមិនមែនមកពីអ្នកកាសែតថតនោះទេ ពីព្រោះទីតាំងនោះមាននៅក្នុង Google ចំពោះការធ្វើបែបនេះរបស់យោធាថៃ មកលើទីតាំងស៉ីវិលកម្ពុជា គឺជាការធ្វើសង្គ្រាមផ្នែកចិត្តសាស្ត្រដែលយោធាថៃ បានរៀបចំទុករួចជាស្រេចយូរហើយ។

«បើយើងមិនរាយកាណ៍ប្រាប់ពិភពលោក យើងនឹងបាត់បង់ឱកាសនេះជាចំណុចមួយដែលយើងត្រូវថ្លឹងថ្លែងគ្នា ដូច្នេះ យើងត្រូវស្វាគមន៍ទាំងអស់ ផ្សព្វផ្សាយពីទីតាំងដែលយោធាថៃ បំផ្លិចបំផ្លាញ ក៏ប៉ុន្តែ យើងត្រូវជួយជាតិ នូវអ្វីដែលមានប្រយោជន៍សុំបង្ហោះ»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។

លោកបណ្ឌិត យង់ ពៅ ក៏បានលើកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមទាំងអស់ ផ្សព្វផ្សាយពីសកម្មភាពព្រៃផ្សៃរបស់យោធាថៃ ធ្វើមកលើកម្ពុជា ឱ្យបានលឿន និងប្រើប្រាស់ជាភាសាបរទេស។

គួរឱ្យដឹងថា គិតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៤ថ្ងៃហើយ ដែលយោធាថៃ បានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច៕